ឯកឧត្តម គីម សុវណ្ណឌី ៖ កម្ពុជាកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំ ស្តីពីការឆ្លុះបញ្ចាំងការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញនៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។
ឯកឧត្តម គីម សុវណ្ណឌី បានមានប្រសាសន៍ថា ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើន ឱកាសនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនេះ ក៏ត្រូវបានកើតឡើង និងក្លាយជាទម្រង់ថ្មីមួយ ដែលកំពុងមានការរីករាលដាលនៅលើពិភពលោក ក្នុងនោះក៏មានកម្ពុជាយើងផងដែរ។ ឯកឧត្ដមបន្តថា ដើម្បីធ្វើទប់ស្កាត់ឲ្យបានទាន់ពេលវេលា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងទទួលបានកិច្ចសហការ និងការគាំទ្រថវិកាពីអង្កការភ្លែនអន្តរជាតិ និងអង្កការ TDH ដើម្បីរៀបចំគោលការណ៍ណែនាំ ស្តីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ ដើម្បីធានាបាននូវកិច្ចការពារកុមារ ដែលមានភាពបត់បែន និងមានភាពងាយស្រួលអនុវត្ត និងការទទួលខុសត្រូវលើកិច្ចការពារអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ជាពិសេសកុមារ និងយុវជន។
ឯកឧត្ដមមានប្រសាសន៍បន្ថែមថា ផ្អែកលើគោលការណ៍នេះ យើងបានបង្កើតគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ (Swipe safe) ដោយទទួលបានការគាំទ្រទាំងថវិកា និងបច្ចេកទេសពីអង្គការឆាលហ្វាន់អូស្ត្រាលី តាមរយៈអង្គការ ឆាលហ្វាន់ កម្ពុជា ដំនាក់កាលទី១ មានរយៈពេល៣ឆ្នាំ ដោយផ្តោតទៅលើខេត្តគោលដៅចំនួន ៣ផងដែរ គឺខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តបាត់ដំបង៕