រដ្ឋសភាកម្ពុជាគាំទ្រពេញទំហឹងបេសកកម្មការទូត ឯកអគ្គរាជទូតថ្មីប្រទេសថៃ ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍

រដ្ឋសភាកម្ពុជាគាំទ្រពេញទំហឹងបេសកកម្មការទូត ឯកអគ្គរាជទូតថ្មីប្រទេសថៃ ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ពិសេសការលើកកម្ពស់ទំនាក់ទំនងប្រជាជនប្រទេសទាំងពីរ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការគំាទ្រ និងស្វាគមន៍ បេសកកម្មការទូត របស់ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តមបានបេ្តជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការភ្ជាប់ទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ជាមួយនឹងការលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យសម្រេចបានគោលដៅរំពឹងទុកគឺ ១៥ ពាន់លានដុល្លារ ជាមួយនឹងការជំរុញវិស័យទេសចរណ៍ កសិកម្ម និងអប់រំ ឱ្យកាន់តែរីកចម្រើនផងដែរ។

នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សការងារជាមួយ សម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ បានអរគុណសម្តេចប្រធានរដ្ឋសភា ដែលបាទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរទស្សនកិច្ចរបស់លោកជំទាវ នាយករដ្ឋមន្រ្តីថៃនៅកម្ពុជា កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីការតំាងចិត្តនៅក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ ដែលបានឈានដល់ខួប៧៥ឆ្នាំនៅពេលនេះ ឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងវិស័យឯកជន ៕

អត្ថបទដែលជាប់ទាក់ទង