អគ្គិភ័យឆាបឆេះរោងចក្រមួយយីហោ«តៃខា (ខេមបូឌា)ខបភើរេសិន» Tiaca (Cambodia) Corporation នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល បណ្ដាលឲ្យកម្មកររងរបួសចំនួន៤នាក់ ក្នុងនោះ២នាក់របួសធ្ង..ន់ និង២នាក់ទៀតរបួសស្រាល

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ មានអគ្គិភ័យឆាបឆេះរោងចក្រមួយយីហោ«តៃខា (ខេមបូឌា)ខបភើរេសិន» Tiaca (Cambodia) Corporation នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
នៅក្នុងហេតុការណ៍នេះ ដែលបានបណ្ដាលឲ្យកម្មកររងរបួសចំនួន៤នាក់ ក្នុងនោះ២នាក់របួសធ្ងន់ និង២នាក់ទៀតរបួសស្រាល ហើយអ្នករងរបួសធ្ងន់២នាក់ត្រូវបានក្រុមហ៊ុនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ និងអ្នករបួសស្រាល២នាក់ទៀត ត្រូវបញ្ជូនទៅសង្គ្រោះនៅពេទ្យសុខាកំបូល ។

បើតាមកម្មករបម្រើការងារនៅទីនោះបានប្រាប់ថា រោងចក្រនេះផលិតជ័រប្លាស្ទិចនិងផលិតកែងស្បែកជើងប៉ាតា ហើយខណៈកំពុងដំណើរការផលិត ស្រាប់តែផ្ទុះជញ្ជីងថ្លឹងទឹកថ្នាំ បណ្ដាលឲ្យមានការឆាបឆេះឡើងតែម្ដង ។ ហើយភ្លាមៗនោះ ពួកគាត់បានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ទៅបាញ់ពន្លត់ដែរ ប៉ុន្តពន្លត់អត់ឈ្នះឡើយ ទើបរាយការណ៍ទៅកាន់អាជ្ញាធរនិងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
សមត្ថកិច្ចបានប្រាប់ថា ខណៈនោះអាជ្ញាធរបានសុំជំនួយពីក្រុមអ្នកពន្លត់អគ្គិភ័យ ហើយមានរថយន្តពន្លត់អគ្គិភ័យនៅតាមបណ្ដាអង្គភាពនគរបាលនិងយោធា ព្រមទាំងក្រុមហ៊ុនឯកជននានាចំនួន២៧គ្រឿង បានចេញទៅអន្តរាគមន៍ពន្លត់ភ្លើងនោះ ដោយប្រើប្រាស់ទឹកអស់ចំនួន១២រថយន្តស្មើនឹង៥២ម៉ែត្រគូប ទើបរលត់នៅវេលាម៉ោង៩ព្រឹកថ្ងៃដដែលនោះ ៕

អត្ថបទដែលជាប់ទាក់ទង