ក្រសួងការងារ បើកកិច្ចប្រជុំជាមួយតំណាងអង្គការវិជ្ជាជីវៈ និងអង្គការសង្គមស៊ីវិល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងអង្គការវិជ្ជាជីវៈ និងអង្គការសង្គមស៊ីវិល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ តាមរយៈការកសាងសមត្ថភាព និងការយល់ដឹងរបស់កម្មករនិយោជិត និយោជក សហជីព និងសមាគមនិយោជក អំពីច្បាប់ការងាររបស់កម្ពុជា និងបទដ្ឋានអន្តរជាតិខាងការងារ។
លោកជំទាវរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការជំរុញឱ្យមានវប្បធម៌អនុលោមភាពតាមច្បាប់ និងការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ ដើម្បីសម្រេចបាននូវទិសដៅការងារនេះ ការលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធ គឺជាការងារអាទិភាព។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានសង្កត់ធ្ងន់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូទាំងអស់ ដោយឈរលើគោលការណ៍ស្មោះត្រង់ តម្លាភាព និងគណនេយ្យភាព សំដៅសម្រេចឱ្យបាននូវការអភិវឌ្ឍវិស័យការងារប្រកបដោយសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។
លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនងល្អនេះនឹងបង្កើតឱ្យមានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងវិស័យការងារ ជាពិសេសជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត និងនិយោជក៕

អត្ថបទដែលជាប់ទាក់ទង