បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ចាប់ជនល្មើស ៦នាក់ ដកហូតថ្នាំញៀន សម្ភារៈមួយចំនួន និងរថយន្ត២គ្រឿង
(កំពង់ស្ពឺ)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យ រួមជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តព្រះសីហនុ បានរួមគ្នាធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន ហើយឈានដល់ការឃាត់ខ្លួនជនល្មើសជាបន្តបន្ទាប់ចំនួន៦នាក់។
ជាមួយគ្នានេះ កម្លាំងអាវុធហត្ថ បានដកហូតថ្នាំញៀន សម្ភារមួយចំនួន និងរថយន្តចំនួន២គ្រឿងផងដែរ ដែលការបង្ក្រាបនេះធ្វើឡើងនៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រហូតដល់ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ក្រោយការសុំពន្លាតដែនដីរបស់កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ។
សម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀននេះ បានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, លោកឧត្តម សេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ និងលាកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលតាមនីតិវិធីរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំង ២ផងដែរ។
យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលចាប់ដំបូងរួមមាន៖
*ទី១៖ ឈ្មោះ ឌា រ៉នី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
*ទី២៖ ឈ្មោះ សាយ រ៉ាហ្សា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ
*ទី៣៖ ឈ្មោះ គង់ រស្មី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពេ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
*ទី៤៖ ឈ្មោះ ស៊ុន ឃឿន ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរ អនាម័យ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ពួកគេទាំង៤នាក់នេះ ត្រូវបានចាប់ខ្លួននៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោយចាប់ខ្លួនជនសង្ស័យទាំង៤នាក់នេះ កម្លាំងក៏បានបន្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានតាមប្រដេញជន សង្ស័យ ដែលរត់គេចខ្លួនពីកន្លែងកើតហេតុ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រហូតដល់ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែម (ស្រី១នាក់) ។
ជនសង្ស័យទាំង២នាក់រួមមាន៖
*ទី១៖ ឈ្មោះ សូ វាសនា ហៅអាឡូត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ
*ទី២៖ ឈ្មោះ ស៊ុន ដុងដៀង ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្រោយការចាប់ខ្លួន កម្លាំងអាវុធហត្ថ បានចាប់ដកហូតវត្ថុតាងបានរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន ១៥៩កញ្ចប់, ម្សៅពណ៌ស ចំនួន ២កញ្ចប់ (k), ខ្សៀចំនួន ០៣, រថយន្តចំនួន ០២គ្រឿង, ដបជក់ ចំនួន០១, ទូរសព្ទដៃចំនួន ០៦គ្រឿង និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យទាំង០៦នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប្រគល់ជូន កងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនីតិវិធីច្បាប់ ៕