មេដឹកនាំអ៊ុយក្រែន Zelenskyy អំពាវនាវឱ្យមានសន្តិភាពដោយយុត្តិធម៌ ដោយគ្មានរង្វាន់សម្រាប់លោកPutin

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអំពាវនាវកាលពីថ្ងៃអង្គារ ២៩ មេសា សម្រាប់ការបញ្ចប់សង្រ្គាមដោយយុត្តិធម៌ជាមួយរុស្ស៊ីដោយគ្មានការផ្ដល់រង្វាន់សម្រាប់លោក Vladimir Putin ដោយរុញច្រានប្រឆាំងនឹងការទាមទារឱ្យទីក្រុង Kyiv ធ្វើសម្បទានទឹកដី។
លោក Zelenskyy បាននិយាយតាមវីដេអូនៅក្នុងកិច្ចប្រជុំកំពូលដែលរៀបចំឡើងដោយប្រទេសប៉ូឡូញថា យើងទាំងអស់គ្នាចង់ឱ្យសង្រ្គាមនេះបញ្ចប់ដោយយុត្តិធម៌ ដោយគ្មានការផ្ដល់រង្វាន់សម្រាប់លោក Putin ជាពិសេសគ្មានសម្បទានទឹកដី។
ការអត្ថាធិប្បាយនេះកើតឡើងស្របពេលមានរបាយការណ៍ដែលសហរដ្ឋអាមេរិកស្នើឱ្យផ្អាករាល់ការប្រយុទ្ធនៅសមរភូមិមុខ និងទទួលយកការគ្រប់គ្រងរបស់រុស្ស៊ីនៅលើឧបទ្វីបគ្រីម៉េ ដែលខ្លួនបានរឹបអូសក្នុងឆ្នាំ ២០១៤ ជាអ្វីដែល Zelenskyy បានបដិសេធ។
ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកជឿថា លោក Zelenskyy អាចនឹងប្រគល់ឧបទ្វីបសមុទ្រខ្មៅ ជាផ្នែកនៃដំណោះស្រាយមួយ។
រុស្ស៊ី ក៏បានទាមទារម្តងហើយម្តងទៀត ដើម្បីរក្សាទឹកដីនៅភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ដែលខ្លួនកាន់កាប់ និងឱ្យទីក្រុង Kyiv ប្រគល់ដីបន្ថែមទៀតផងដែរ។
ទីក្រុងមូស្គូកាន់កាប់ប្រហែល ២០ ភាគរយនៃទឹកដីរបស់អ៊ុយក្រែន បន្ទាប់ពីបានបើកការវាយលុក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។
ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា សប្តាហ៍នេះនឹងក្លាយជាពេលវេលាដ៏សំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងសន្តិភាពនេះ៕

អត្ថបទដែលជាប់ទាក់ទង