អ្នកនាំពាក្យ៖ គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការយ៉ាងស្វាហាប់ឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក, និរន្តរភាព និងឯករាជ្យដឹកជញ្ជូនផ្លូវទឹក
ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ បានកំពុងដំណើរការយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក, និរន្តរភាព និងឯករាជ្យដឹកជញ្ជូនផ្លូវទឹក។
ឯកឧត្ដមបានបន្តឲ្យដឹងថា បច្ចុប្បន្នក្រោយពីបញ្ចប់ការចុះកំណត់និយាមកា បោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី១ រួចរាល់ បច្ចុប្បន្ននេះក្រុមការងារអន្តរក្រសួងបាននិងកំពុងបញ្ចប់នីតិវិធីនៃការចុះវាស់វែង បង្កើតកិច្ចពិភាក្សា និងដោះស្រាយផលប៉ះពាល់ជាក់ស្តែងជាមួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ទាំងអស់តាមយន្តការ និងនីតិវិធីដែលមានជាធរមាន។ ជាមួយគ្នានេះ ក្រុមការងាររបស់CMAC បាននិងកំពុងរុករកមីន និងយុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះដើម្បីអាចចាប់ផ្តើមការងារជីកស្តារ និងសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានបន្តចុះប្រមូលទិន្នន័យ បង្កើតបណ្តាញប្រព័ន្ធប្រតិភីវិភាគ ផលិតផែនទីភូមិសាស្រ្ត3D ដោយប្រើប្រាស់ឧបករណ៍ដ្រូន eBee X និងដ្រូន DJI M350 ដែលជាបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយទើបត្រូវបានបំពាក់បន្ថែម ដើម្បីបញ្ចប់កិច្ចការចុះកំណត់និយាមកា បោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ឱ្យបានរួចរាល់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
ឯកឧត្ដម អ្នកនាំពាក្យបានបន្ថែមថា គិតចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានចំណាយរយៈពេល៥៥ថ្ងៃរួចមកហើយ ដើម្បីចុះប្រមូលទិន្នន័យ បង្កើតបណ្តាញប្រព័ន្ធប្រតិភីវិភាគ(BM)សរុបបានចំនួន ៤០ ទីតាំង និងបានបញ្ចប់ការថតយករូបភាពពីលើអាកាស សម្រាប់កំណាត់ទី២ ទាំងស្រុង ហើយការថតយករូបភាពពីលើអាកាសដោយប្រើប្រាស់ឧបករណ៍ដ្រូនផែនទីទំនើបនេះ ត្រូវបានផលិតផែនទីលម្អិត និងផលិតផែនទីភូមិសាស្រ្ត3D សរុបលើផ្ទៃដីប្រមាណ១៥.៨៣៦ ហិកតារួចមកហើយ។
គួរបញ្ជាក់បន្ថែមទៀតផងដែរថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ច្បាប់ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនវិនិយោគ និងរវាងក្រុមហ៊ុនវិនិយោគកម្ពុជា និងក្រុមហ៊ុនវិនិយោគរបស់ភាគីចិន។
កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធរួមមានជាអារទិ៍ ៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។ កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥នេះ និងធ្វើឱ្យដំណើរការនៃការវិនិយោគ ការសាងសង់ និងប្រតិបត្តិការណ៍ព្រែកជីកហ្វូណនតេជោប្រកបដោយភាពរលូននិងច្បាស់លាស់។
គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកថាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះមានប្រវែងជាង ១៧៤ គ.ម ត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅមក និងជៀសសគ្នាបានដោយសុវត្ថិភាព។ គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងអាចតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងអាចតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្របានផងដែរ។
ឯកឧត្ដម ផន រឹម បានបញ្ជាក់ថា នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ យើងរំពឹងថានឹងបណ្តាញផ្លូវទឹកនេះនឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិ និងអន្តរជាតិ, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ លើសពីការដឹកជញ្ជូន គម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍រួមមាន ការជំរុញ និងអភិវឌ្ឍន៍ វិស័យគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម នគរូបនីយកម្ម សំណង់ និងការវិនិយោគសំខាន់ៗ ហើយគម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈការបង្កើនផលិតភាពកសិកម្មសួនឧស្សាហកម្ម ទេសចរណ៍ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងឡូជីស្ទីក បង្កើនការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ បង្កើតការងារថ្មីៗជាច្រើនជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ និងវិនិយោគពហុវិស័យសម្រាប់តំបន់នានាតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។
គួររម្លឹកដែរថា គម្រោងដ៏ធំសម្បើមនិងមានអត្ថន័យជាប្រវត្តិសាស្រ្តនេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យយុទ្ធសាស្រ្តដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
គម្រោងនេះបានបន្តយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព និងថាមពល ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅអនាគតដ៏យូរអង្វែងបន្តទៀត។
គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនិងអធិកអធម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយមានការចូលរួមគាំទ្រយ៉ាងកងរំពងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ គម្រោងព្រែកជីកហ្វូណនតេជោនេះ ត្រូវបានរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕