សម្រាស់មួយចំនួនធំ ត្រូវបានអនុញាតអោយម្ចាស់ហ៊ុំព័ទ្ធយកត្រីវិញ នាំអោយប្រជានេសាទថា អត់ត្រីនេសាទ
កំពង់ឆ្នាំង៖ ប្រជានេសាទនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ប្រជានេសាទលក្ខណៈគ្រួសារ បានត្អូញត្អែរថា ត្រីនៅក្នុងទន្លេសាប ដូចជាបាត់ទៅវិញ ក្រោយកម្លាំងកងទ័ព បានអនុញាតិអោយពួកអ្នកដាក់សម្រាស់ហ៊ុំសម្រាស់វិញ។ ការហ៊ុំព័ទ្ធយកត្រីនៅថ្ងៃនេះ មាននៅស្ទើគ្រប់កន្លែង ដូចជាស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកជលគីរី ដោយមិនមានការហាមឃាត់ឡើយ។
ប្រជានេសាទលក្ខណៈគ្រួសារ ដែលកំពុងដាក់មងចងសន្ទូចបានប្រាប់ថា ក្រោយពីកម្លាំងកងទ័ពបានចុះមកបង្ក្រាបបទល្មើសមួយរយៈ ឃើញថាការនេសាទដោយការរាយមងចងសន្ទូច ត្រូវត្រីគ្រាន់បើ ស្រាប់តែរយៈពេលជិត១ខែកន្លងមកនេះ គេអោយម្ចាស់សម្រាស់មានសិទ្ធិហ៊ុំសម្រាស់យកត្រីវិញ នាំអោយប្រជានេសាទមិនអាចរកត្រីបានដូចមុនឡើយ និងប្រជានេសាទលក្ខណៈគ្រួសារមួយចំនួនក៏មិនឃើញមកនេសាទដែរ។
ដោយឡែកបើតាមប្រភពព័ត៌មានពីកម្លាំងកងទ័ពបានអោយដឹងថា៖ ពាក់ព័ន្ធនឹងបទល្មើសសម្រាស់នេះ ថ្នាក់លើបានអនុញាតិអោយហ៊ុំត្រឹម៤០ម៉ែត្រការ៉េចុះក្រោម និងត្រូវធ្វើលិខិតស្នើសុំ ត្រូវរើមែកឈើដែលដាក់សម្រាស់នោះឡើងលើគោក ទុកសម្រាប់បំផ្លាញចោល មិនអោយដាក់ចូលទន្លេវិញឡើយ។ រាល់ថ្ងៃ កម្លាំងកងទ័ពក៏បាន និងកំពុងចុះបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទជារៀងរាល់ថ្ងៃដែរ មិនអោយជនល្មើសមានឱកាសដូចមុនឡើយ។
គួរបញ្ជាក់ថា ការអនុញាតិអោយហ៊ុំសម្រាស់ត្រឹម៤០ម៉ែត្រការ៉េចុះក្រោមនេះ មានការរិះគន់ពីប្រជាពលរដ្ឋច្រើន ដោយពួកគាត់ថាបើបិទ គឺបិទអោយជិតកុំអោយមានការហ៊ុំសម្រាស់ ព្រោះពេលហ៊ុំសម្រាស់នោះ មិនមានសម្រាស់ណាទំហំ៤០ម៉ែត្រការ៉េចុះនោះទេ មានតែជាង១០០ម៉ែត្រការ៉េឡើងទៅ។ ដោយឡែកមែកឈើដែលគេយកដាក់ជាសម្រាស់នោះ មិនមានមែកឈើនៅចំណុចសម្រាស់ណាមួយបានយកឡើងមកលើគោក សម្រាប់ដុតបំផ្លាញចោលនោះឡើយ។ ការអនុញាតិអោយហ៊ុំបែបនេះ នាំអោយម្ចាសើសម្រាស់ទាំងអស់ មានឱកាសបន្តដាក់បទល្មើសសម្រាស់ជាថ្មី និងអ្នកដែលទទួលផល គឺឈ្មួញអោយម្ចាស់សម្រាស់ខ្ចីលុយ និងបានទិញត្រីពីម្ចាស់សម្រាស់វិញតែ៥ទៅ៦នាក់នោះប៉ុណ្ណោះ៕