ឆ្មក់បង្ក្រាបជនបរទេស លើបទល្មើសអនឡាញ នៅអគារពីរល្វែងកំពស់១០ជាន់ ស្ថិតក្នុងបុរីតុងហួ ភូមិសាមគ្គី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជាង ៤០នាក់ ដែលក្នុងនោះរួមមានជនជាតិឥណ្ឌាភាគច្រើន និងជនជាតិចិន)
បន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឆ្មក់បង្ក្រាបបានជនបរទេសជាង ៤០នាក់ សំងំប្រព្រឹត្តបទល្មើសខុសច្បាប់ នៅទឹកដីក្រុងប៉ោយប៉ែត លើទីតាំងពីរផ្សេងគ្នា តែម្ចាស់អាគារតែមួយ ដោយមួយទីតាំងនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត អតិតសាលាអេបផល និងទីតាំងទី២ នៅអាគារពីរល្វែងកំពស់១០ជាន់ ស្ថិតនៅក្នុងបុរីតុងហួ ភូមិសាមគ្គី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ប្រតិបត្តិការឆ្មក់បង្ក្រាបជនបរទេសនេះ ធ្វើឡើងដឹកនាំដោយឯកឧត្តមសេនីយ៍ ជា ពៅ អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងមានការចូលរួមសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ សមត្ថកិច្ចមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ចូលយកព័ត៌មានក្នុងទំហំប្រតិបត្តិការ នៃទីតាំងបង្រ្កាបនេះឡើយ ។ ប្រភពព័ត៌មានបានបញ្ជាក់ថា តាមសកម្មភាពជាក់ស្ដែង ដែលសមត្ថកិច្ចចុះប្រតិបត្តិការទីតាំងនោះ គឺ មានម្ចាស់នៃអគារ ជាអាជីវករខ្មែរមួយរូបដ៏ល្បីល្បាញ នៅទីក្រុងប៉ោយប៉ែត ។
ប្រភពព័ត៌មាន បានឲ្យបញ្ជាក់ឲ្យដឹងទៀតថា ប្រតិបត្តិការនេះសមត្ថកិច្ចនគរបាល ឃាត់ខ្លួនបានជនបរទេសប្រមាណជាង ៤០នាក់ ដែលក្នុងនោះរួមមានជនជាតិឥណ្ឌាភាគច្រើន និងជនជាតិចិន ។
ក្រោយប្រតិបត្តិការបង្ក្រាបជនបរទេសនេះ សមត្ថកិច្ចបាននាំយកជនបរទេសទាំងនោះ និងវត្ថុតាងពាក់ព័ន្ធមួយចំនួន បញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមច្បាប់។
សូមបញ្ជាក់ផងដែរថា ទោះបីជាមានការចុះបង្ក្រាបជាបន្តបន្ទាប់ ពីកម្លាំងនគរបាលនៃអគ្គស្នងការនគរបាលជាតិ និងសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ដែលមានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការយ៉ាងណាក៏ដោយ ក៏បទល្មើសអនឡាញនៅក្នុងទឹកដីក្រុងប៉ោយប៉ែត ហាក់មិនធមថយសោះ ។ ដោយគេឃើញមានអគារជាច្រើន ពេញទៅដោយជនបរទេសលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញ រីកដូចផ្សិត ។ មិនថែមតែប៉ុណ្ណោះ នៅមានបទល្មើស ប្រើប្រាស់ជួញដូរគ្រឿងញៀនជាច្រើន ពីសំណាក់ជនបរទេសដែលធ្វើសកម្មភាពប្រើប្រាស់ (វ៉ៃឡើង) ក្នុងក្លឹបកំសាន្ត ឬក៏ក្លឹបខារ៉ាអូខេជាច្រើនកន្លែងផងដែរ ។
ជុំវិញករណីបង្ក្រាបជនបរទេសនេះ សារព័ត៌មានមិនអាចសុំការបញ្ជាក់បំភ្លឺ ពីសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បាននោះទេ ៕