ក្រុមអ្នកសង្កេតការណ៍អន្តរកាល ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ចុះពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងទីតាំងមួយចំនួនទៀត ដែលបម្រើឱ្យក្រុមការងារនេះ នៅខេត្តឧត្តរមានជ័យ
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានដឹកនាំក្រុមការងារសម្របសម្រួល សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team) ដែលជាការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្របតាមខ្លឹមសារដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួម មានចំនួន០៧ប្រទេស ដែលកំពុងធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ រួមមាន ៖
1- អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន)
2-អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា
3- អនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំកម្ពុជា
4-អនុព័ន្ធយោធាសិង្ហបុរីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ
5-ជំនួយការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា
6- ជំនួយការអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា
7-ជំនួយការអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជា
ការចូលរួមរបស់ប្រទេសដៃគូទាំងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕