ក្រុមគ្រួសារស្ត្រីម្នាក់ ដែលត្រូវបានចាប់ដាក់ពន្ធនាគារ ពាក់ព័ន្ធករណីដីបរិស្ថាន ក្រោយត្រូវបានដោះលែងឲ្យមានសេរីភាពមកវិញ

(កំពង់ឆ្នាំង)៖ ស្ត្រីម្នាក់មានទីលំនៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលត្រូវបានមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន និងត្រូវបានដាក់ពន្ធនាគារពាក់ព័ន្ធករណីដែលមន្រ្តីចោទថា យកគ្រឿងចក្រចូលឈូសឆាយចូលដីរបស់រដ្ឋនៅចំណុចតាត្រាវ ភូមិទំនប់ នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពី បើកសវនាការជំនុំជម្រះអស់ រយៈពេល២ថ្ងៃកន្លងមកនេះ។
នៅល្ងាចថ្ងៃទី៦ ខែសីហា ក្រោយបានចេញពីពន្ធនាគារ ស្ត្រីឈ្មោះ យុត ផល្លី និងក្រុមគ្រួសារ បានថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ និងជួយសម្របសម្រួល តាមនីតិវិធី ដើម្បីដោះលែងស្ត្រីខាងលើនេះ ឲ្យមានសេរីភាពនឹងបានជួបជុំក្រុមគ្រួសារឡើងវិញ។
តាមរយៈបណ្ដាញព័ត៌មាន ស្ត្រីឈ្មោះ យុត ផល្លី ព្រមទាំងក្រុមគ្រួសារ បានប្រសិទ្ធិពរជ័យដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំយកអស់ពីកម្លាំងកាយចិត្តរិះរកគ្រប់នីតិវិធីច្បាប់ ដើម្បីសម្របសម្រួលឲ្យស្ត្រី ឈ្មោះ យុត ផល្លី មានសេរីភាពនឹងបានជួបជុំក្រុមគ្រួសារឡើងវិញ។
សូមបញ្ជាក់ថាស្ត្រីឈ្មោះ យុត ផល្លី ត្រូវបានមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ចាប់ឃាត់ខ្លួន បន្ទាប់ពីស្ត្រីខាងលើនេះបានយកគ្រឿងចក្រ១គ្រឿងចូលទៅឈូសឆាយលើដីអាស្រ័យផលរបស់ខ្លួន១កន្លែង ស្ថិតនៅភូមិទំនប់ ឃុំស្រងិល ស្រុកកំពង់លែង ហើយមន្ត្រីឧទ្យានុរក្សបានអះអាងថា ស្ត្រីរូបនេះបានឈូសឆាយចូលដីរបស់រដ្ឋនិងបានចាប់ឃាត់ខ្លួននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ។
នៅក្នុងអង្គសវនាការរយៈពេល២ថ្ងៃកន្លងទៅនេះ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញត្រូវប្រញាប់ចុះបោះបង្គោលកំណត់ព្រំដីរវាងដីរបស់រដ្ឋនិងដីអាស្រ័យ ផលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខាងលើនេះឲ្យបានច្បាស់លាស់ និងឲ្យបានឆាប់ដែលអាចធ្វើទៅបាន ដើម្បីបង្កការងារស្រួលដល់ប្រជាពលរដ្ឋដែលមានដីនៅតំបន់នោះ ក្នុងការចូលទៅអាស្រ័យផលលើដីស្របច្បាប់ របស់ពួកគាត់ដោយមិនមានការភ័យខ្លាច។
ដោយឡែកពាក់ព័ន្ធនឹងការបោះបង្គោលកំណត់ព្រំដីរបស់រដ្ឋ និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនេះផងដែរនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានចារឯកភាពទៅលើសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំឲ្យបោះបង្គោលព្រំដី និងលើកផ្លាកប៉ាណូកំណត់ព្រំដីរបស់រដ្ឋ និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅចំណុចអាងក្រពើក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ជាលើកទី២ ដោយចាត់ឱ្យអភិបាលរងខេត្តម្នាក់ ដឹកនាំមន្ត្រីជំនាញសុរិយោដី ចុះទៅបោះបង្គោលកំណត់ព្រំដីរដ្ឋ និងដីប្រជាពលរដ្ឋតាមសំណើរបស់ប្រជាពលរដ្ឋជាបន្ទាន់ផងដែរ៕

You might also like