EU សង្កត់ធ្ងន់ថា អ៊ុយក្រែនចាំបាច់ត្រូវតែអាចជ្រើសរើសជោគវាសនាខ្លួនឯង ខណៈលោក ត្រាំ និងលោក ពូទីន ត្រៀមជួបមុខគ្នា

(ព្រុចសែល)៖ ខណៈសល់៣ថ្ងៃទៀត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវជួបមុខផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្រុមមេដឹកនាំសហភាពអឺរ៉ុប (EU) នាថ្ងៃអង្គារ ទី១២ ខែសីហា បាននាំគ្នាសង្កត់ធ្ងន់អំពីសិទ្ធិរបស់អ៊ុយក្រែន ក្នុងការជ្រើសរើសជោគវាសនាខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមមេដឹកនាំ EU បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ពួកយើងក្នុងនាមជាមេដឹកនាំនៃសហភាពអឺរ៉ុប ស្វាគមន៍កិច្ចប្រឹងប្រែង​របស់លោកប្រធានាធិបតី ត្រាំ ដែលសំដៅទៅរកការបិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន និងការសម្រេចឱ្យបាន​សន្តិភាពនិងសន្តិសុខ ប្រកបដោយភាពយុត្តិធម៌ និងឋិតថេរយូរអង្វែង»

សេចក្តីថ្លែងការណ៍បានបន្តថា «សន្តិភាពយុត្តិធម៌និងឋិតថេរយូរអង្វែង ដែលនាំមកនូវស្ថិរភាពនិងសន្តិសុខ ចាំបាច់ត្រូវតែគោរព​ច្បាប់អន្តរជាតិ ក្នុងនោះរាប់បញ្ចូលទាំង គោលការណ៍នៃឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ហើយព្រំប្រទល់អន្តរជាតិ ដាច់ខាតមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឬការបង្ខិតបង្ខំឡើយ»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី រួមទាំងក្រុមមេដឹកនាំអឺរ៉ុប នឹងត្រូវជួបសន្ទនា​ជាមួយលោក ត្រាំ នាថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា ជំនួបតទល់រវាងលោក ត្រាំ និងលោក ពូទីន គ្រោងធ្វើឡើងនៅរដ្ឋ Alaska របស់សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ទី១៥ ខែសីហា។ លោក ត្រាំ បានលើកឡើងថា ដើម្បីបញ្ចប់សង្រ្គាមនិងសម្រេចបានសន្តិភាព រុស្ស៉ីនិងអ៊ុយក្រែនចាំបាច់ត្រូវដោះដូរទឹកដីគ្នា ប៉ុន្តែលោក ហ្សេលេនស្គី បានច្រានចោលលទ្ធភាពនៃការបោះបង់ទឹកដី ដែលរុស្ស៉ីបានដណ្តើមយកទៅគ្រប់គ្រង៕

You might also like