ប្រតិភូក្រសួងសាធារការ និងដឹកជញ្ជូន ចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៧៦ និងផ្លូវជាតិលេខ៧៦-៤ ក្នុងខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ និងលោក អ៊ូ សារ៉េត អនុប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារការ និងដឹកជញ្ជូន នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូ ចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៧៦ (កំណាត់ផ្លូវជាតិលេខ៧៦ បានបាក់ស្រុត នារសៀលថ្ងៃទី ០១ សីហា ២០២៣ ចន្លោះ គ.ម ៩៣+៩០០ – គ.ម ៩៤+៣២៥) និងផ្លូវជាតិលេខ៧៦-៤ ដែលទើបត្រូវបានក្រុមការងារអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រួតពិនិត្យ ប្រគល់-ទទួល ការងារជួសជុល ការងារស្ថាបនា និងការថែទាំខួប បញ្ចប់ ការងារសាងសង់ ១០០% ក្នុងផែនការឆ្នាំ២០២៥ ជាស្ថាពរនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។
ក្នុងដំណើរបំពេញទស្សនកិច្ចខាងលើនេះ លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី រួមជាមួយសហការី បានអមដំណើរប្រតិភូក្រសួង និងរាយការណ៍អំពីស្ថានភាពទូទៅ នៃផ្លូវជាតិទាំងអស់ក្នុងខេត្ត ដែលក្រុមការងាររបស់មន្ទីរ បានអនុវត្តការងារនាពេលកន្លងមក ៕






