មនុស្ស ១៥ នាក់បានស្លាប់ បន្ទាប់ពីយានរត់លើផ្លូវដែកជាប្រវត្តិសាស្ត្របានធ្លាក់ផ្លូវក្នុងទីក្រុង Lisbon របស់ប្រទេសព័រទុយហ្គាល់
សេវាសង្គ្រោះបន្ទាន់បាននិយាយថា មនុស្សយ៉ាងហោចណាស់១៥ នាក់បានបាត់បង់ជីវិត និង ១៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីយានរត់លើផ្លូវដែក Gloria ដ៏ល្បីល្បាញរបស់ទីក្រុង Lisbon បានធ្លាក់ចេញពីផ្លូវ ហើយក្រឡាប់។
សារព័ត៌មាន The Times បានរាយការណ៍ថា នាយករដ្ឋានពន្លត់អគ្គិភ័យក្រុង Lisbon បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីខ្សែកាប្លិ៍ “បានធូរ” នៅក្នុងរចនាសម្ព័ន្ធរបស់ផ្លូវដែក។ ពេលនោះយានបានបាត់បង់ការគ្រប់គ្រង ហើយបានធ្លាក់ និងបានបុកអគារមួយនៅក្បែរនោះ។
ក្រុមអាជ្ញាធរសេវាសង្គ្រោះបន្ទាន់របស់ព័រទុយហ្គាល់បាននិយាយថា មនុស្ស ៥ នាក់ក្នុងចំណោមអ្នករបួសមានសភាពធ្ងន់ធ្ងរ។ ចំណែក១៣នាក់ទៀតរួមទាំងកុមារផងរងរបួសស្រាល ។
ប្រធានាធិបតីព័រទុយហ្គាល់លោក Marcelo Rebelo de Sousa បានសម្តែងក្ដីអាណិតអាសូរ និងសាមគ្គីភាពជាមួយក្រុមគ្រួសារជនរងគ្រោះដោយសោកនាដកម្មនេះ។ អភិបាលក្រុង Lisbon លោក Carlos Moedas បាននិយាយថា រដ្ឋធានីកំពុងកាន់ទុក្ខ ដោយបន្ថែមថានេះជាសោកនាដកម្មសម្រាប់ទីក្រុង ។
គេមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់នៅលើរថភ្លើងនោះ នៅពេលឧបទ្ទវហេតុយានរត់លើផ្លូវដែកជាប្រវត្តិសាស្ត្រ បានកើតឡើងនៅជិតមហាវិថី Avenida da Liberdade នៅម៉ោងប្រហែល ១៨ និង៥នាទីល្ងាចកាលពីថ្ងៃពុធសប្ដាហ៍នេះ។
ក្រុមសេវាសង្គ្រោះ បាននិយាយថាជនបរទេសក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះផងដែរ ទោះបីជាគេពុំទាន់អាចបញ្ជាក់ពីសញ្ជាតិបានក៏ដោយ៕






