កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធការពារជាតិរួមគ្នាប្រចាំឆ្នាំ នៅពាក់កណ្ដាលខែកញ្ញានេះ

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធការពារជាតិរួមគ្នាប្រចាំឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៥ ខែកញ្ញា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាពប្រតិបត្តិការ ដែនអាកាស ដែនទឹក និងដែនសាយប័រ (cyber) ប្រឆាំងការគំរាមកំហែងនៃមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
យោធាកូរ៉េខាងត្បូង បានលើកឡើងថា សមយុទ្ធយោធា Freedom Edge គឺជាសមយុទ្ធប្រចាំឆ្នាំ ដែលបង្កើតឡើងដើម្បីរក្សា សុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយវានឹងប្រព្រឹត្តទៅដោយស្របតាមច្បាប់អន្តរជាតិ។ យ៉ាងណាមិញ យោធាកូរ៉េខាងត្បូង មិនបានផ្តល់ព័ត៌មានលម្អិតស្តីពីសមយុទ្ធនេះឡើយ ដូចជាចំនួនកងទ័ពត្រូវចូលរួម ឬប្រភេទសព្វាវុធ ជាដើម។
គួរបញ្ជាក់ថា សេចក្តីប្រកាសអំពីសមយុទ្ធយោធាខាងលើ គឺបន្ទាប់ពីវត្តមានរួមគ្នាក្នុងសប្តាហ៍នេះ រវាងមេដឹកនាំចិន កូរ៉េខាងជើង និងរុស្ស៉ី នៅឯទីក្រុងប៉េកាំង អំឡុងពិធីព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ ដែលបានសម្ញែងសព្វាវុធទំនើបៗ និងអានុភាពយោធា របស់ប្រទេសចិន។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ចប់ទស្សនកិច្ចរបស់លោកនៅទីក្រុងប៉េកាំង តាមរយៈការបើកកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ ហើយលោកបានប្តេជ្ញាបន្តគាំទ្រផលប្រយោជន៍របស់ចិន។ រីឯកាលពីថ្ងៃពុធ លោក គីម ក៏បានបើកកិច្ចពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ផងដែរ៕

You might also like