ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាល ដើរទារលុយពលរដ្ឋ នៅខណ្ឌច្បាអំពៅ
ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំជានគរបាលដើរទារលុយពលរដ្ឋ នៅខណ្ឌច្បាអំពៅ ។
តាមរយះការផ្តល់ព័ត៌មានពីពលរដ្ឋ មកកាន់សមត្ថកិច្ចរាជធានីភ្នំពេញ តាមរយះប្រអប់សារនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញថា ថ្មីៗនេះ មានបុរសម្នាក់បានពាក់ឯកសណ្ឋាននគរបាល បានដើរទារលុយប្រជាពលរដ្ឋលក់អីវ៉ាន់តាមផ្ទះ និងសុំស្រាបៀរទឹកក្រូច នាឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងខណ្ឌច្បារអំពៅ ។ ក្រោយទទួលបានបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ឯកស្នងការ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក៏បានស្រាវជ្រាវ និងរកឃើញថា ជនខាងលើនេះ គឺជាជនស៊ីវិលក្លែងបន្លំ ពុំមែនជាសមត្ថកិច្ចចំណុះអធិការខណ្ឌច្បារអំពៅនោះឡើយ ។
បច្ចុប្បន្ននេះ កម្លាំងនគរបាល កំពុងស្រាវជ្រាវបន្តតាមជំនាញតាមចាប់ខ្លួន ជនក្លែងបន្លំជានគរបាល ទៅធ្វើសកម្មភាពខុសច្បាប់ បង្កប៉ះពាល់កិត្តិយសនគរបាលជាតិ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕






