អតីតប្រធានាធិបតីប្រេស៊ីល ត្រូវកាត់ទោសជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទរៀបផែនការធ្វើរដ្ឋប្រហារ
កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែកញ្ញាឆ្នាំ២០២៥ តុលាការសហព័ន្ធកំពូលរបស់ប្រទេសប្រេស៊ីល បានកាត់ទោសអតីតប្រធានាធិបតី Jair Bolsonaro ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ៣ខែ ពីបទរៀបផែនការធ្វើរដ្ឋប្រហារ ដើម្បីបន្តកាន់អំណាចបន្ទាប់ពីចាញ់ឆ្នោតឆ្នាំ២០២២។
ដូច្នេះមានន័យថា បុរសវ័យ៧០ឆ្នាំរូបនេះ នឹងត្រូវចំណាយពេលសេសសល់ក្នុងជីវិត នៅក្នុងពន្ធនាគារហើយ។
លោកត្រូវបានរកឃើញថាមានពិរុទ្ធលើការចោទប្រកាន់ចំនួន៥ករណី រួមមានដូចជា៖ ការរៀបចំអង្គការឧក្រិដ្ឋកម្ម; ប៉ុនប៉ងបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយហិង្សា; ប៉ុនប៉ងធ្វើរដ្ឋប្រហារ; ធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលដែលត្រូវបានការពារ និងការបំផ្លាញទ្រព្យសម្បត្តិបេតិកភណ្ឌ។
លើសពីនេះ តុលាការក៏និយាយដែរថា លោក Bolsonaro ដឹងពីផែនការធ្វើឃាតប្រធានាធិបតី Luiz Inácio Lula da Silva និងអនុប្រធានរបស់គាត់ ក៏ដូចជាតុលាការកំពូលផងដែរ។
ក្នុងការកាត់ក្តីពីសំណាក់ចៅក្រមចំនួន៥រូប មាន៤រូបបានបោះឆ្នោតគាំទ្រសាលក្រមនេះ ខណៈចៅក្រមម្នាក់ឈ្មោះ Luiz Fux បានជំទាស់ ដោយលើកហេតុផលថា គ្មានព័ស្តុតាងគ្រប់គ្រាន់។
ទោះបីជាយ៉ាងណាក៏ដោយ អំឡុងពេលកាត់ក្តី លោក Bolsonaro មិនបានចូលរួមដោយផ្ទាល់ទេ ពោលគឺលោកស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះនៅរដ្ឋធានី ប្រាស៊ីលីយ៉ា។
សូមជម្រាបថា នេះគឺជាសេចក្តីសម្រេចជាប្រវត្តិសាស្ត្រធ្វើឲ្យលោក Bolsonaro ក្លាយជាអតីតប្រធានាធិបតីប្រេស៊ីលដំបូងគេ ដែលត្រូវបានកាត់ទោសពីបទប៉ុនប៉ងផ្តួលរំលំស្ថាប័នប្រជាធិបតេយ្យតាមរបៀបនេះ។
សូមជម្រាបថា លោក Bolsonaro បានកាន់តំណែងជានាយករដ្ឋមន្ត្រីប្រេស៊ីលទី៣៨ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ប៉ុន្តែលោកបានចាញ់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ ក្រោមដៃលោក Lula da Silva៕






