ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំទីស្នាក់ការទី១ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានចុះផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ ។
ក្រុមសង្កេតការណ៍នេះដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយកនៃនាយកដ្ឋានបណ្តុះបណ្តាលរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម (IOT)។ នេះបើយោងតាមក្រសួងការពារជាតិ។
ច្រកព្រំដែនអានសេះជាតំបន់ប៉ះទង្គិចក្នុងការប្រយុទ្ធគ្នា៥ថ្ងៃរវាងទ័ពថៃ និងកម្ពុជាដែលចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។ តំបន់នេះត្រូវថៃប្រើរថក្រោះបាញ់ប្លោងលើរង្វង់មូល និងរូបសំណាកលោកតាអ៊ំ។ ក្រោយមានបទឈប់បាញ់ទ័ពថៃរាយបន្លាលួស ជីកត្រង់សេ (លេណដ្ឋាន) និងឈូសឆាយផ្លូវនៅតំបន់នេះ ដែលកម្ពុជាថាថៃរំលោភបំពានបទឈប់បាញ់ ឈ្លានពានដីរបស់កម្ពុជា។