អតីតប្រធានតុលាការកំពូលនេប៉ាល់ លោកស្រី Sushila Karki ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបន្ទាប់
ការិយាល័យប្រធានាធិបតីបាននិយាយកាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញាថា អតីតប្រធានតុលាការកំពូលរបស់ប្រទេសនេប៉ាល់ លោកស្រី Sushila Karki ត្រូវបានតែងតាំងឱ្យដឹកនាំអន្តរកាលជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសនេះ ក្រោយពីមានការតវ៉ាដ៏ខ្លាំងក្លាដែលបានបណ្តេញរដ្ឋាភិបាលចេញ។ លោកស្រី Karki អាយុ៧៣ឆ្នាំ ជាប្រធានតុលាការកំពូលស្ត្រីដំបូងរបស់ប្រទេសនេប៉ាល់ បានស្បថចូលកាន់តំណែងកាលពីល្ងាចថ្ងៃសុក្រ។
ប្រទេសតំបន់ភ្នំហិម៉ាឡៃមួយនេះ ដែលមានប្រជាជន៣០លាននាក់ បានធ្លាក់ចូលទៅក្នុងភាពវឹកវរក្នុងសប្តាហ៍នេះ បន្ទាប់ពីកងកម្លាំងសន្តិសុខបានព្យាយាមបំបែកការប្រមូលផ្តុំដោយក្រុមបាតុករវ័យក្មេងប្រឆាំងអំពើពុករលួយ។ មនុស្សយ៉ាងហោចណាស់៥១នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាដ៏អាក្រក់បំផុតចាប់តាំងពីការបញ្ចប់សង្រ្គាមស៊ីវិល។
លោក KP Sharma Oli មេដឹកនាំបក្សកុម្មុយនិស្តអាយុ៧៣ឆ្នាំបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ សប្តាហ៍នេះ។ ទីប្រឹក្សាព័ត៌មានរបស់ប្រធានាធិបតី លោក Kiran Pokharel បាននិយាយថា«ប្រធានាធិបតី លោក Ram Chandra Paudel បានតែងតាំងអតីតប្រធានតុលាការកំពពូល លោកស្រី Sushila Karki ជានាយករដ្ឋមន្ត្រី»។ លោក Pokharel និយាយថា «គណៈរដ្ឋមន្ត្រីមួយនឹងត្រូវបានបង្កើតឡើងបន្ទាប់ពីនេះ ហើយដំណើរការផ្សេងទៀតនឹងត្រូវចាប់ផ្តើម»។
យោធាបានដណ្តើមយកមកវិញការគ្រប់គ្រងនៅតាមដងផ្លូវនានាកាលពីថ្ងៃពុធ ដោយបានអនុវត្តបម្រាមគោចរ ខណៈមេបញ្ជាការកងទ័ព លោក Ashok Raj Sigdel និងលោក Paudel បានជួបពិភាក្សាជាមួយអ្នកតំណាងមកពីក្រុម «Gen Z» ដែលជាឈ្មោះឆ័ត្រនៃចលនាតវ៉ារបស់ក្រុមយុវជន។