ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ៖ សាមគ្គីភាព និងការកសាងទំនុកចិត្តជាស្នូលសម្រាប់អាស៊ានទាំងមូល

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងថា សាមគ្គីភាព និងការកសាងទំនុកចិត្តជាស្នូលដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងនិរន្តរភាពអាអាស៊ានទាំងមូល។
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី ASEAN BAZZAR 2025 ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងឋានៈប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ឆ្នាំ២០២៥ ក្នុងគោលបំណង រួបរួម សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាសមាជិកអាអាស៊ានទាំងអស់។
កម្មវិធីនេះមានការចូលរួមពីបណ្តារដ្ឋមន្រ្តីក្រសួង-ស្ថាប័នរបស់កម្ពុជា, សមាជិករាជរដ្ឋាភិបាល, ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតជាសមាជិកអាស៊ាន, បណ្តាអង្គទូតបរទេសនានាប្រចាំកម្ពុជា និងមន្រ្តីការទូតជាច្រើននាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានបណ្តាអង្គទូតជាសមាជិកអាស៊ានទងអស់ ដែលបណចូលរួមក្នុងកម្មវិធីASEAN BAZZAR ដែលរៀបចំឡើងនាពេលនេះ ដោយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កម្មវិធីនៅថ្ងៃនេះពិតជាមានសារៈសំខាន់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់គ្រួសារអាស៊ាន ដើម្បីរក្សាបានចំណងមិត្តភាព និងការផ្លាស់ប្តូរនូវអត្តសញ្ញាណតាមរយៈការតាំងពិព័រណ៍បង្ហាញពីផលិតផលរបស់ប្រទេសនីមួយៗនៅស្ថានទូតម៉ាឡេស៊ី។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា អាស៊ានគឺជាគ្រួសារមួយដ៏មានសក្កានុពលក្នុងតំបន់ ដែលក្នុងន័យនេះ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគឺជាចំណុចស្នូលសំខាន់ដល់ការបន្តធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់រដ្ឋជាសមាជិកអាស៊ាន និងប្រជាជាតិអាស៊ានផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម សាហារ៉ូឌីន អន ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ជឿជាក់ថា ការរួបរួម សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន គឺជាធាតុផ្សំដ៏សំខាន់បំផុត ជាពិសេសចំពោះបញ្ហាប្រឈមដែលជួបប្រទះ ទាំងក្នុងតំបន់ និងក្រៅតំបន់។
ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លើកឡើងថា អាស៊ានដែលបានកសាងនៅលើមូលដ្ឋានដ៏រឹងមាំជាមួយការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ នឹងអាចប្រឈមមុខរាល់បញ្ហាទាំងអស់រួមជាមួយគ្នាគ្រប់កាលៈទេសៈ។
ក្នុងនាមប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានឆ្នាំ២០២៥ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បន្ថែមថា ម៉ាឡេស៊ីកំពុងខិតខំធ្វើការឆ្ពោះទៅរកការកសាងសហគមន៍ក្នុងតំបន់ដោយផ្អែកលើសសរស្តម្ភគាំទ្រគ្នាទៅវិញទៅ ដូចជា នយោបាយ-សន្តិសុខ, សេដ្ឋកិច្ច, និងសង្គម-វប្បធម៌៕

You might also like