ឃាត់ខ្លួនបុរសម្នាក់ យកកាំបិតប័ុងតោគប់ទៅលើអ្នកជិតខាង ទាំងម្តាយនិងកូនស្រី តែមិនត្រូវ

ខេត្តកណ្តាល÷បុរសម្នាក់ដែលតែងតែរករឿងឈ្លោះ ប្រកែកជាមួយអ្នកជិតខាង បានប្រើអំពើហិង្សាដោយគប់កាំបិតតាំងតោទៅលើម្តាយនិងកូនស្រីរងគ្រោះ តែមិនត្រូវ។ ជនសង្ស័យរូបនេះត្រូវសមត្ថកិច្ចនគរបាលស្រុកកោះធំឃាត់ខ្លួន កាលពីថ្ងៃទី១២ កញ្ញា ២០២៥ នៅភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សេង ដន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះ ផាន់ ណារី ភេទស្រី អាយុ ៤២ឆ្នាំ ជាអ្នកលក់ត្រី។
ជនសង្ស័យតែងតែរករឿងជេរ ប្រមាថ និងគំរាមកំហែងដល់ក្រុមគ្រួសារជនរងគ្រោះជាញឹកញាប់។ កាលពីថ្ងៃទី១១កញ្ញា ជនសង្ស័យបានយកសាងដងឫស្សីមកដេញចាក់ជនរងគ្រោះតែមិនត្រូវ។ លុះមកដល់ថ្ងៃទី១២ ខែកញ្ញា ខណៈដែលជនរងគ្រោះនិងកូនស្រីកំពុងអង្គុយលេងមុខផ្ទះ ជនសង្ស័យបានយកកាំបិតតាំងតោមកគប់ទៅលើពួកគេ តែសំណាងល្អមិនត្រូវនោះទេ។ ឃើញសភាពការណ៍មិនស្រួល ជនរង គ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក។
ក្រោយការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជន សង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់ខាងលើពិតប្រាកដមែន។ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន កាំបិតតាំងតោដងឈើ ១ និងសាងដងឫស្សី ១។
ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

You might also like