ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញជួបប្រជុំស្តីពីផែនការសកម្មភាពរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក ជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB)

នារសៀលថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីផែនការសកម្មភាពប្រព័ន្ធជូនដំណឹងទុកជាមុន (Early Warning System) របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក ជាមួយលោកស្រី ហ្សូនីប៊ែល ប្រធានក្រុមបេសកកម្មទទួលបន្ទុកប្រព័ន្ធជូនដំណឹងទុកជាមុន ប្រចាំទីស្នាក់កណ្តាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃការរៀបចំផែនការទប់ស្កាត់ និងការឆ្លើយតបចំពោះបញ្ហាឡើងកម្តៅ និងអាកាសធាតុក្តៅខ្លាំង ដែលកំពុងក្លាយជាបញ្ហាធម្មជាតិគួរឱ្យបារម្ភ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា ប្រព័ន្ធជូនដំណឹងជាមុន (EWS) ក៏ជាគន្លឹះសំខាន់ក្នុងការជូនដំណឹងជាមុនអំពីស្ថានភាពអាកាសធាតុគ្រោះថ្នាក់ទាន់ពេលវេលា និងជួយកាត់បន្ថយហានិភ័យ ហើយដែលក្រសួងធនធានទឹក និងឧតុនិយម អនុវត្តជាប្រចាំនូវការជូនដំណឹងដល់សាធារណជន តាមរយៈវេបសាយ បណ្តាញសង្គម និងតាម APP របស់ក្រសួង។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក៏ដូចដៃគូអភិវឌ្ឍន៍នានា ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក ដើម្បីធានាឱ្យកាន់តែមានទំនើបកម្មលើប្រព័ន្ធជូនដំណឹងទុកជាមុននេះ៕

You might also like