មេដឹកនាំកូរ៉េខាងត្បូង ប្តេជ្ញាបន្ធូរភាពតានតឹងជាមួយកូរ៉េខាងជើង ក្នុងសុន្ទរកថាដំបូងនៅ UNGA
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្តេជ្ញាកាលពីថ្ងៃអង្គារ (២៣ កញ្ញា) ថារូបលោកនឹងបញ្ចប់ “វដ្តដ៏អាក្រក់នៃភាពតានតឹងផ្នែកយោធាដែលមិនចាំបាច់” ជាមួយប្រទេសជិតខាង កូរ៉េខាងជើង ក្នុងគោលបំណងសម្រេចបាននូវការរួមរស់ជាមួយគ្នាដោយសន្តិភាព (សន្តិសហវិជ្ជមាន) និងកំណើនរួមគ្នា។
ក្នុងសុន្ទរកថាលើកដំបូងរបស់ខ្លួនទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ UNGA ក្នុងទីក្រុងញូវយ៉ក លោក Lee បានសង្កត់ធ្ងន់លើចក្ខុវិស័យរបស់លោកអំពី “ដំណោះស្រាយជាដំណាក់កាល” ចំពោះបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង “ដោយផ្អែកលើការយល់ឃើញដ៏ត្រជាក់ស្រេបដែលថា ការរំសាយអាវុធនុយក្លេអ៊ែរមិនអាចសម្រេចបានក្នុងរយៈពេលខ្លីនោះឡើយ”។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន មេដឹកនាំកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ លោក Kim Jong Un បានច្រានចោលរួចទៅហើយនូវផែនការជាដំណាក់កាលទាំងឡាយ ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល សម្រាប់ស្រោចស្រង់ការសន្ទនានាពេលថ្មីៗនេះ គឺជារឿងមិនសមហេតុផលនោះទេ ពីព្រោះចេតនាជាមូលដ្ឋានរបស់ពួកគេក្នុងការធ្វើឱ្យទីក្រុងព្យុងយ៉ាងចុះខ្សោយ នៅតែមិនផ្លាស់ប្តូរទាល់តែសោះ។
នៅ UNGA លោក Lee បន្ថែមថា ទីក្រុងសេអ៊ូលនឹង “ស្វះស្វែងរកផ្លូវឱ្យជាប់លាប់ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា និងស្តារទំនុកចិត្តអន្តរកូរ៉េឡើងវិញ” ហើយបានចង្អុលបង្ហាញពីសកម្មភាពថ្មីៗពីទីក្រុងសេអ៊ូល ដូចជាការបញ្ឈប់ខិត្តបណ្ណឃោសនា និងការចាក់ឧបករណ៍បំពងសំឡេងទៅកាន់កូរ៉េខាងជើងជាដើម៕



