ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Ragasa នៅកោះតៃវ៉ាន់ កើនឡើងដល់១៧នាក់ និងមួយចំនួនបាត់ខ្លួន

សារព័ត៌មាន Taiwan News របស់កោះតៃវ៉ាន់ បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពពីរដ្ឋាភិបាលថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Ragasa នៅកោះតៃវ៉ាន់បានកើនឡើងដល់ ១៧ នាក់ហើយ ដោយមនុស្សមួយចំនួនទៀតនៅតែបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុងដ៏ខ្លាំងក្លានេះ បានបង្កជាទឹកជំនន់ ។
យោងតាមទីភ្នាក់ងារព័ត៌មាន Central News Agency បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអង្គារសប្ដាហ៍នេះបានធ្វើឱ្យទឹកក្នុងបឹង Matai’an Creek Barrier ហក់ឡើងហៀរច្រាំងរុញទឹកចូលទៅក្នុងទីប្រជុំជន Guangfu ក្នុងស្រុក Hualien បណ្ដាលឲ្យជន់លិចផ្លូវ និងហូរកួចយានយន្តជាច្រើនគ្រឿងទៅតាមទឹកជំនន់។
ផ្នែកមួយចំនួននៃស្ពានឆ្លងទន្លេ Matai’an ក៏ត្រូវបានទឹកហូរកួចនាំយកទៅផងដែរ។
ក្រុមជួយសង្គ្រោះ កំពុងព្យាយាមស្វែងរកអ្នកបាត់ខ្លួនទាំង ១៧នាក់នោះ។
មកទល់ពេលនេះ មនុស្ស៣២នាក់បានរងរបួសដោយសារភ្លៀងធ្លាក់ខ្លាំង និងឧបទ្ទវហេតុទាក់ទងនឹងទឹកជំនន់។
ក្រុមអាជ្ញាធរក៏បានជម្លៀសមនុស្សជាង ៣.០០០នាក់ ទៅកាន់ទីតាំងមានសុវត្ថិភាពពីទីប្រជុំជន Guangfu, Fenglin និង Wanrong ផងដែរ។
ក្រុមមន្ត្រីសង្គ្រោះបន្ទាន់បានព្រមានថា ចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើង ខណៈការវាយតម្លៃ នៃការខូចខាត និងការស្វែងរកអ្នកបាត់ខ្លួននៅតែបន្ត៕

You might also like