ប្រភព ៖ លោក Trump នឹងចុះហត្ថលេខាលើក្រឹត្យកិច្ចព្រមព្រៀងលក់ TikTok នៅថ្ងៃព្រហស្បតិ៍នេះ
ប្រភពពីសេតវិមានដែលដឹងបញ្ហានេះបាននិយាយថា លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃព្រហស្បតិ៍ (២៥ កញ្ញា) នេះ នឹងចុះហត្ថលេខាលើក្រឹត្យមួយប្រកាសថា កិច្ចព្រមព្រៀងដែលកំពុងចរចាដោយសេតវិមានក្នុងការលក់ប្រតិបត្តិការកម្មវិធីវីដេអូខ្លី TikTok របស់សហរដ្ឋអាមេរិក នឹងបំពេញតាមលក្ខខណ្ឌតម្រូវអស់ហើយ ដូចដែលមានចែងក្នុងច្បាប់ឆ្នាំ២០២៤។
នៅដើមសប្តាហ៍នេះ សេតវិមាននិយាយរួចហើយថា លោក Trump នឹងប្រកាសថា កិច្ចព្រមព្រៀងលក់ប្រតិបត្តិការ TikTok នៅអាមេរិក ចេញពីដៃក្រុមហ៊ុនមេ ByteDance របស់ចិន ប្រគល់ទៅឱ្យម្ចាស់ថ្មីជនជាតិអាមេរិក នឹងបំពេញតាមលក្ខខណ្ឌតម្រូវដែលមានចែងក្នុងច្បាប់ហាមប្រាមមួយ ដែលអនុម័តដោយសភា។ គួររម្លឹកថា កាលពីឆ្នាំ២០២៤ សភាបានបញ្ជាឱ្យបិទ TikTok ក្នុងទឹកដីអាមេរិកចាប់ពីខែមករា ឆ្នាំ២០២៥ ប្រសិនបើទ្រព្យសម្បត្តិកម្មវិធីនេះនៅអាមេរិក មិនត្រូវបានលក់ចេញពីក្នុងដៃម្ចាស់ចិនទេនោះ។ យ៉ាងណាមិញ បម្រាមនោះត្រូវពន្យារពេលជាបន្តបន្ទាប់។
លោក Trump បានលើកសរសើរ TikTok ដែលមានអ្នកប្រើប្រាស់ ១៧០លាននាក់នៅអាមេរិក ថាបានជួយលោកឱ្យឈ្នះឆ្នោតឡើងវិញកាលពីឆ្នាំ២០២៤ និងមានអ្នកតាមដានដល់ទៅ ១៥លាននាក់ លើគណនីផ្ទាល់ខ្លួនរបស់លោក។ សេតវិមានក៏បានបើកគណនី TikTok ផ្លូវការមួយកាលពីខែមុនផងដែរ។
លោក Trump បានពន្យារពេលការអនុវត្តបម្រាមជាលើកទី៤ រហូតដល់ពាក់កណ្តាលខែធ្នូ ស្របពេលកិច្ចប្រឹងប្រែងដើម្បីដកទ្រព្យសម្បត្តិ TikTok មួយចំនួនរបស់អាមេរិក រួចហើយលក់ទៅឱ្យក្រុមវិនិយោគិនអាមេរិក និងធានាថា កម្មសិទ្ធិថ្មីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាអ្នកទិញភាគហ៊ុន TikTok ទាំងស្រុង ដែលជាលក្ខខណ្ឌតម្រូវក្រោមច្បាប់ឆ្នាំ២០២៤។ ការបន្ថែមពេលឱ្យ TikTok ជាថ្មីម្ដងទៀតក៏ត្រូវរំពឹងទុកយ៉ាងទូលំទូលាយនៅក្នុងក្រឹត្យថ្ងៃព្រហស្បតិ៍នេះដែរ៕