ឆេះអគារទុកចោលមួយ ក្នុងខេត្ត Samut Prakan ប្រទេសថៃ បណ្តាលឱ្យកកស្ទះចរចរណ៍ខ្លាំង
(បាងកក)៖ ហេតុការណ៍អគ្គីភ័យយ៉ាងសន្ធោរសន្ធៅបានកេីតឡេីងនៅអគារស្នាក់នៅមួយតាមបណ្តោយផ្លូវ Bearing នាព្រលប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញានេះ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ នៅក្នុងខេត្ត Samut Prakan ប្រទេសថៃ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Khaosod។
មន្ត្រីនគរបាលប៉ុស្តិ៍ Samrong Nuea ខេត្ត Samut Prakan បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានអគ្គិភ័យគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគារខាងលេីគ្មានមនុស្សរស់នៅទេ ហើយពីមុនជាហាងកាហ្វេ។
ទោះបីជាអគារត្រូវបានបិទក៏ដោយ តែសម្ភារៈដែលងាយឆេះមាននៅខាងក្នុង រួមទាំងតុ សាឡុង កំរាលព្រំ និងធុងហ្គាស ដែលបណ្តាលឱ្យឆេះរាលដាលឆាប់រហ័ស។ ប៉ូលិសនឹងហៅម្ចាស់អគារមកផ្តល់ពត៌មានបន្ថែម៕