អាជីវករអំពាវនាវពលរដ្ឋ ចូលរួមពិព័រណ៍ផលិតផលខ្មែរ ខណៈកម្មវិធីចាប់ផ្តើមផ្លូវការថ្ងៃទី២៦ កញ្ញានេះ
ខណៈដែលកម្មវិធីពិព័រណ៍ផលិតផលខ្មែរ បានចាប់ផ្តើមបើកដំណើរការនៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះតទៅ ក្រុមអាជីវកម្មបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទស្សនាឱ្យបានច្រើនកុះករ និងបន្តគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត។
លោក ណាត បញ្ញា ប្រធានពាណិជ្ជសញ្ញា មីជាតិ តាមរយៈបទសម្ភាសន៍ជាមួយ ប៊ីធីវី បានលើកឡើងថា ពិព័រណ៍ផលិតផលខ្មែរនេះ ពិតជាមានសារៈសំខាន់ ថ្មី ប្លែកខុសពីកម្មវិធីដទៃទៀត ដោយសារមានការចូលរួមច្រើនពីផលិតករ ពាណិជ្ជករ និងអាជីករជាច្រើនផ្សេងៗទៀត ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ លោកបន្តថា លោកមានការសប្បាយចិត្តជាខ្លាំង នៅពេលដែលឃើញសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អបំផុតក្នុងការជំរុញសេដ្ឋកិច្ចជាតិរីកចម្រើន ក៏ដូចជាបង្កើតឱកាសការងារកាន់តែច្រើនឡើងផងដែរដល់ពលរដ្ឋក្នុងស្រុក។
ក្រុមអាជីវករផ្សេងទៀត បាននិយាយថា ដើម្បីជាការឆ្លើយតប និងអរគុណជូនចំពោះអ្នកគាំទ្រទាំងឡាយ ក៏ដូចជាការគិតគូរយ៉ាងខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល នឹងខិតខំព្យាយាមយ៉ាងណា ដើម្បីផលិតផលិតផលដែលមានគុណភាព ស្តង់ដារត្រឹមត្រូវ និងមានអនាម័យខ្ពស់ជូនអ្នកប្រើប្រាស់។ ពួកគាត់ បាននិយាយដោយទឹកមុខសប្បាយរីករាយទៀតថា ពិតជារំភើប និងសប្បាយចិត្តណាស់ ពេលដែលផលិតផលជាតិ មានការគាំទ្រជាហូហែរបែបនេះ និងបានសំណូមពរបន្ថែមថា សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តជួយគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនថែមទៀត ដើម្បីជាកម្លាំងចិត្តដល់ផលិតករ និងជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម។
សូមជម្រាបជូនថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ។ ក្រៅពីការដាក់តាំងបង្ហាញលក់ផលិតផលក្នុងស្រុក ក៏មានវាគ្មិនជាសហស្ថាបនិកក្រុមហ៊ុនជាច្រើនរូប នឹងចូលរួមបង្ហាញវត្តមាន ព្រមទាំងចែករំលែកទស្សនៈ និងបទពិសោធ ជុំវិញប្រធានបទ «Cambodia: A Land of Opportunity»។ កម្មវិធីនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ដោយមានស្តង់ចំនួន ២៨៣ស្តង់ ក្នុងនោះស្តង់របស់អាជីវករខ្មែរមានចំនួន ២២៩ និងស្តង់ដៃគូសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មានចំនួន ៥៤ស្តង់៕