ឯកឧត្តម ស សេរីវិចិត្រ ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម សាន គឹមហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យ លុយ សុខុម

ភ្នំពេញ៖ ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក សូមផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម សាន គឹមហុង អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងលិច ទទួលបន្ទុករដ្ឋកាលីហ្វ័រញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យ លុយ សុខុម ត្រូវជាឪពុកក្មេករបស់ឯកឧត្តម ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃពុធ ២កើតខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២០:០១នាទីព្រឹក ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយរោគាពាធ។

សារលិខិតរំលែកមរណទុក្ខដែលឯកឧត្តម ស សេរីវិចិត្រ ផ្ញើជូនឯកឧត្តម សាន គឹមហុង និងលោកជំទាវ មានខ្លឹមសារដូចតទៅ៖ «ក្នុងនាមប្រធានក្រុមការងារចំពោះកិច្ចទទួលការងារបដិសណ្ឋារកិច្ច និងសមាជិកក្រុមការងារទាំងអស់ យើងខ្ញុំសូមសម្តែងនូវសមានទុក្ខវិយោគសោកស្តាយ និងសង្វេកយ៉ាងខ្លាំងបំផុត ជូនចំពោះ ឯកឧត្តម សាន គឹមហុង អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងលិច ទទួលបន្ទុករដ្ឋកាលីហ្វ័រញ៉ា អំពីដំណឹងមរណភាពរបស់ ព្រឹទ្ធាចារ្យ លុយ សុខុម ត្រូវជាឪពុកក្មេកជាទីស្រលាញ់បំផុតរបស់លោក ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃពុធ ២កើតខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២០:០១ នាទីព្រឹក ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ព្រឹទ្ធាចារ្យ លុយ សុខុម គឺជាការបាត់បង់ លោកឪពុក-លោកឪពុកក្មេកក្មេក ជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតីចិញ្ចឹមបីចាប់ថែរក្សា អប់រំ ទូន្មានចំពោះកូនៗ ចៅៗឱ្យក្លាយជាថ្នាក់ដឹកនាំ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ ក្នុងឱកាសប្រកបដោយភាពក្រៀមក្រំជាអនេកនេះ យើងខ្ញុំទាំងអស់ សូមរំលែកទុក្ខដ៏ក្រៀមក្រំយ៉ាងក្រៃលែង និងពោរពេញដោយក្តីសោកស្តាយបំផុត ជូនចំពោះក្រុមគ្រួសារសព និងសាច់ញាតិសារលោហិតទាំងអស់ដោយក្តីសោក សង្វេគជាពន់ពេក។

ជាមួយនិងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួង គោរពដល់ដួងវិញ្ញាណក្ខន្ធរបស់ ព្រឹទ្ធាចារ្យ លុយ សុខុម សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមក្រុមគ្រួសារ ឯកឧត្តម សាន គឹមហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់ នៃសពមេត្តាទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសេចក្តីស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅអំពីខ្ញុំបាទ ៕

You might also like