នគរបាលជាតិកម្ពុជា សោកស្តាយចំពោះលើកឡើងរបស់សារព័ត៌មានថៃ The Standard ដែលមិនស្របតាមស្មារតីនៃកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Standard បានផ្សព្វផ្សាយពីសកម្មភាព នគរបាលភូមិន្ទថៃ ដឹកនាំដោយលោក Thatchai Pitaneelaboot រួមទាំងនគរបាលអន្តរជាតិជាច្រើនប្រទេស បានចុះទៅសង្កេតមើលកន្លែងធ្វើប្រតិបត្តិការរបស់ក្រុមឆបោកតាមអនឡាញ តាមបណ្តោយព្រំដែនច័ន្ទថាក់បុរី-ប៉ៃលិន ព្រមទាំងបានដកស្រង់សំដីរបស់លោក Thatchai Pitaneelaboot ថា “លោកបានបញ្ជូនព័ត៌មានជាក់លាក់អំពីទីតាំងក្រុមឆបោកតាមអនឡាញទាំងនោះ ទៅកាន់កម្ពុជារួចហើយ នឹងសង្ឃឹមថាភាគីកម្ពុជា នាំយកផែនការប្រតិបត្តិការ ( Action Plan ) មកចូលរួមកិច្ចប្រជុំបន្តទៀត នៅក្នុងចុងខែកញ្ញានេះ”។
នគរបាលជាតិកម្ពុជាមានការសោកស្តាយចំពោះលើកឡើងរបស់លោក ឧត្តមសេនីយ៍ Thatchai Pitaneelaboot ដែលបានចុះផ្សាយដោយ សារព័ត៌មានថៃ The Standard បែបនេះដែលមិនស្របតាមស្មារតីនៃកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះ កម្ពុជាបានទទួលនូវព័ត៌មានចារកម្ម ក្នុងកម្រិតជាព័ត៌មានបឋមដែលមានត្រឹមតែរូបភាពទីតាំង និងទិន្នន័យកំណត់ទីតាំងរបស់ប្រព័ន្ធ Google map ដែលមហាជនទូទៅអាចរកបានជាសាធារណៈ។
ទោះយ៉ាងណា ជំនាញរបស់នគរបាលជាតិកម្ពុជា បានកំណត់គោលដៅជាអាទិភាពមួយចំនួនដើម្បីស៊ើបបញ្ជាក់ ព្រមទាំងបានភ្ជាប់ទំនាក់ទំនងទៅលោក ឧត្តមសេនីយ៍ Thatchai Pitaneelaboot ចំនួន ០២លើក ចាប់តាំងពីមានជំនួបលើកទី១ នៅខេត្តស្រះកែវ រួចមក ក្នុងគោលបំណងស្នើសុំដល់ភាគីថៃ ផ្តល់បន្ថែមនូវព័ត៌មាន និងភស្តុតាងចាំបាច់មួយចំនួនដើម្បីនគរបាលជាតិកម្ពុជា អាចរៀបចំប្រតិបត្តិការមួយស្របតាមនីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ប៉ុន្តែគិតមកដល់ពេលនេះ កម្ពុជានៅមិនទាន់បានទទួលការឆ្លើយតបតាមសំណូមពរនៅឡើយ ពោលគឺបានត្រឹមការបញ្ជាក់ថា “នឹងប្រគល់ជូន”។
ផ្អែកតាមស្មារតីនៃកិច្ចប្រជុំលើកទី១ ភាគីទាំងពីរបានឯកភាពគ្នាកំណត់យកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃជួបប្រជុំលើកទី២ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស។ កម្ពុជាបានត្រៀមរួចរាល់សម្រាប់កិច្ចលើកទី២ ប៉ុន្តែភាគីថៃបានស្នើសុំលើកពេលដោយជូនដំណឹងដោយផ្ទាល់តាមរយៈអនុព័ន្ធនគរបាលភូមិន្ទថៃ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ និងបានជូនដំណឹងផ្លូវការនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៥០នាទី។
ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅតែប្តេជ្ញាខ្ពស់ចំពោះការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ សមត្ថកិច្ចកម្ពុជា នឹងចុះបង្ក្រាបគោលដៅដែលមានការស៊ើបបញ្ជាក់ ឬតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីបរទេស ដែលព័ត៌មាន និងតម្រុយគ្រប់គ្រាន់ ៕