ប្រមុខការទូតកម្ពុជា ជម្រាបជូនប្រមុខការទូតរុស្ស៊ី អំពីបច្ចុប្បន្នភាព នៃជំលោះព្រំដែនកម្ពុជា-ថៃ
ទីក្រុងញូវយ៉ក៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី អំឡុងកិច្ចពិភ្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្តាំផ្ញើសេចក្តីនឹករលឹកចំពោះគ្នាទៅវិញទៅមក ក្រោយពីភាគីទាំងពីរបានជួបពិភាក្សាជាមួយគ្នានៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនភាគីមិត្ត អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញនិងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ ៕