ឃាតកម្ម! បាញ់ប្រហារមនុស្សស្លាប់ម្នាក់ និងរបួស៤នាក់ នៅស្រុកវាលវែង មូលហេតុជម្លោះដណ្ដើមកូន
(ពោធិ៍សាត់)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ មានករណីឃាតកម្មបាញ់ប្រហារមួយ បានកើតឡើងនៅលើផ្លូវជាតិ៥៥ចន្លោះ គីឡូម៉ែត្រលេខ159-160 ចំណុចA4 ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ហេតុការណ៍បាញ់ប្រហារនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ឯក ណាំអៀង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានជិះរថយន្ត១គ្រឿង ម៉ាក Vico ពណ៌ ទឹកប្រាក់ ស្លាកលេខ ពោធិសាត់2B-2013 ធ្វើសកម្មភាពបាញ់ប្រហារក្រុមជនរងគ្រោះ ដែលកំពុងជិះរថយន្ត១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 2AH-0038 បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឯក ណាំអៀង បានបើករថយន្តរត់គេចខ្លួនបាត់។
ហេតុការណ៍នេះ ខ្មាន់កាំភ្លើងប្រើប្រាស់អាវុធខ្លីម៉ាក K54 និងបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ ព្រមទាំងរងរបួស៤នាក់ផ្សេងទៀត (ស្រីម្នាក់)។ ខណៈមូលហេតុដោយសារទំនាស់ដណ្ដើមកូនគ្នា។
លុះមកដល់វេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឯក ណាំអៀង បាននៅចំណុចមន្ទីរពេទ្យខេត្តពោធិ៍សាត់។
ជនសង្ស័យ បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធីច្បាប់។ ចំណែកឯជនរងគ្រោះចំនួន៣នាក់ ស្រី១នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ និងជនរងគ្រោះម្នាក់ឈ្មោះ ចេង សាវឿន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕