រងទុក្ខស្រាប់ផង! ឥឡូវនៅប្រទេសថៃ ដាក់ខេត្តចំនួន៤២ទៀត ឲ្យប្រុងជើងការខ្ពស់ ព្រោះព្យុះ ប៊ូឡូយ

ស្របពេលថៃកំពុងរងទុក្ខដោយគ្រោះធម្មជាតិរួចទៅហើយនោះ ឥទ្ធិពលព្យុះប៊ូឡូយ នឹងបន្ថែមភាពវេទនាដល់ប្រទេសនេះទៀត ដោយបង្កឲ្យមានបំណាក់ដី ទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង និងទឹកទន្លេឡើងហូរហៀ ដល់ថ្នាក់ខេត្តចំនួន៤២ ត្រូវដាក់ក្នុងកម្រិតប្រុងជើងការខ្ពស់ ព្រោះភាពគ្រោះថ្នាក់នៃបាតុភូតធម្មជាតិ។

យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ នាថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥, នៅដើមសប្តាហ៍នេះ គ្រោះធម្មជាតិនឹងវាយប្រហារប្រទេសថៃ ជាពិសេសតំបន់ភាគខាងកើតនិងងឦសានតែម្តង ហើយក្នុងបណ្តាខេត្តទាំងនោះ ខេត្ត Bueng Kan, Sakon Nakhon, Nakhon Phanom, Udon Thani, Khon Kaen, Kalasin, Mukdahan, Chanthaburi និង Trat នឹងត្រូវរងគ្រោះធ្ងន់ធ្ងរជាងគេ។
សម្រាប់តំបន់ឆ្នេរវិញ ឥទ្ធិពលព្យុះប៊ូឡូយនឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់ ចំណែករលកសមុទ្រ អាចមានកម្ពស់រហូតដល់ទៅ២ឬ៣ម៉ែត្រឯណោះ។
ក្រៅពីខេត្តទាំង៤២ រាជធានីបាងកក ក៏ប្រឈមគ្រោះថ្នាក់ផងដែរ ជាពិសេសភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ បូករួមជាមួយបាតុភូតផ្គររន្ទះ និងទឹកជំនន់។
សូមជម្រាបថា មុននេះព្យុះប៊ូឡូយ បានវាយប្រហារដីគោកវៀតណាម ជាមួយកម្លាំងខ្យល់ជាង ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះ ប៊ូឡូយ បានទៅដល់ដីគោកវៀតណាមកាលពីល្ងាចថ្ងៃសៅរ៍ ដោយវាយប្រហារចំតំបន់ Hoang Sa រួចបន្តបោកបក់លើខេត្ត Ha Tinh និង Quang Tri មុននឹងថមថយកម្លាំងពេលទៅដល់ភាគខាងជើងប្រទេសឡាវ។
សារព័ត៌មាន VN Express ផ្សាយថា ឥទ្ធិពលព្យុះ Bualoi បានបង្កើតជាបាតុភូតខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ជញ្ជ្រំ ជំនន់រហ័ស បំណាក់ដី និងបណ្តាលឲ្យទឹកទន្លេហក់ឡើងហូរហៀ៕

You might also like