លោក Trump សង្ឃឹមខ្ពស់លើកិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សា ខណៈត្រៀមជួបលោក Netanyahu នៅថ្ងៃចន្ទនេះ
ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្ដែងក្ដីសង្ឃឹមកាលពីថ្ងៃអាទិត្យ (២៨ កញ្ញា) ថា សំណើផែនការសន្តិភាពតំបន់ហ្កាហ្សា នឹងសម្រេចបានក្នុងកិច្ចប្រជុំមួយនាថ្ងៃចន្ទនេះ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខណៈរថក្រោះអ៊ីស្រាអែល បានបន្តវាយរុញកាន់តែជ្រៅទៅក្នុងទីក្រុងហ្កាហ្សា ហើយស្លាបយោធារបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស និយាយថា ខ្លួនបាត់ទំនាក់ទំនងជាមួយចំណាប់ថ្នូរ ២នាក់ ដែលឃុំខ្លួននៅទីនោះ។
ជោគវាសនារបស់ចំណាប់ថ្នូរទាំងពីរនាក់នោះ ដែលបង្កការខឹងសម្បារខ្លាំងក្នុងចំណោមពលរដ្ឋអ៊ីស្រាអែល អាចជះស្រមោលយ៉ាងអាប់អួរលើជំនួបរវាងលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងលោក Trump នៅសេតវិមាននាថ្ងៃចន្ទនេះ។ លោក Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល កំពុងធ្វើការលើផែនការបទឈប់បាញ់ថ្មីជាមួយសេតវិមាន ប៉ុន្តែព័ត៌មានលម្អិតមិនទាន់មាននោះទេ។
ទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សា លោក Trump បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកបានទទួល “ការឆ្លើយតបល្អណាស់” ពីមេដឹកនាំអ៊ីស្រាអែល និងអារ៉ាប់ ចំពោះសំណើផែនការសន្តិភាពតំបន់ហ្កាហ្សា ហើយថា “គ្រប់គ្នាសុទ្ធតែចង់ធ្វើកិច្ចព្រមព្រៀងមួយ”។ យ៉ាងណាមិញ ក្រុមហាម៉ាសនិយាយថា ខ្លួនមិនទាន់ទទួលបានសំណើណាមួយពីលោក Trump ឬពីអ្នកសម្របសម្រួលឡើយ។
គួរឱ្យដឹងថា ផែនការសន្តិភាពមជ្ឈិមបូព៌ា ២១ចំណុចរបស់លោក Trump ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា អំពាវនាវឱ្យមានការវិលត្រឡប់របស់ចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ ទាំងអ្នកនៅរស់ និងអ្នកស្លាប់ ហើយលែងមានការវាយប្រហាររបស់អ៊ីស្រាអែលលើកាតា និងកិច្ចសន្ទនាថ្មីរវាងអ៊ីស្រាអែល និងភាគីប៉ាឡេស្ទីន សម្រាប់ “សន្តិសហវិជ្ជមាន”។ លោក Netanyahu និយាយម្តងហើយម្តងទៀតថា ក្រុមហាម៉ាស ត្រូវតែទម្លាក់អាវុធ ឬត្រូវកម្ចាត់ចោលទាំងស្រុង។ រហូតមកដល់ពេលនេះ ក្រុមហាម៉ាសក៏ទទូចថា ខ្លួននឹងមិនទម្លាក់អាវុធឡើយ ដរាបណាប៉ាឡេស្ទីនមិនទទួលបានរដ្ឋផ្លូវការមួយទេនោះ៕