សម្ដេចតេជោ ហ៊ុន សែន ៖ ជ័យជម្នះ៧មករា១៩៧៩ បានបញ្ចប់ សករាជដ៏ខ្មៅងងឹតបំផុត និង បើកសករាជថ្មីរបស់កម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា ដែលបាននាំមកវិញនូវសិទ្ធិគ្រប់បែបយ៉ាងជូនប្រជាជនកម្ពុជាគ្រប់រូបរហូតដល់សព្វថ្ងៃនេះ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជ័យជម្នះ៧មករា១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់ពីគ្រោះមហន្តរាយ ពីគ្រោះមរណៈ និងនាំមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលបានបាត់បង់ទាំងស្រុងក្នុងរបបអាវខ្មៅ ជាពិសេសការទទួលបានសិទ្ធិរស់រានមានជីវិត បានធ្វើឱ្យរាល់តម្លៃខាងស្មារតី និងសម្ភារៈរបស់ប្រជាជន ប្រជាជាតិខ្មែរដែលត្រូវបានកសាងពូនជ្រុំនៅក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះរស់ឡើងវិញ។
សម្ដេចតេជោបានបន្តថា ឈរលើមាគ៌ានេះយើងបានបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩៨ មកដោយមានយុទ្ធសាស្រ្ត (DIFID) ជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តដទៃទៀតដើម្បីឈានទៅរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមទាំងស្រុងតាមរយៈនៃការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ៕