មេស៊ីម៉ាក់កម្ពុជា ៖ លក្ខណៈបច្ចេកទេសគ្មានការយល់ច្រឡំគ្នា រវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ
(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ឆ្លើយតបនឹងចម្ងល់ថា តើធ្វើយ៉ាងម្ដេចបានដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ? លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ចេញមកបញ្ជាក់ថា ជាលក្ខណៈបច្ចេកទេស គ្មានការយល់ច្រឡំគ្នា រវាងគ្រាប់បែកទម្លាក់ពីយន្តហោះ ក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ។
លោក ហេង រតនា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានពន្យល់ចំពោះចម្ងល់ខាងលើ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
កន្លងមកមានអ្នកស្នើសុំ ខ្ញុំឱ្យជួយបកស្រាយ ដោយចោទជាសំណួរថា «ធ្វើយ៉ាងម៉េចបានដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ និងគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោង ក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ!?»។
ចម្លើយខ្លី៖ បើផ្អែកតាមលក្ខណៈបច្ចេកទេស មានចំនុចវិភាគសំណាកជាច្រើន ដែលខ្ញុំសុំមិនធ្វើការបកស្រាយលំអិត ក្នុងវេទិកានេះទេ និងសុំលើកយកចំណុចសង្ខេបខ្លី មកបញ្ជាក់ជូនជ្រាបថា៖ គ្រាប់បែកទម្លាក់ពីយន្តហោះក្តី ឬគ្រាប់កាំភ្លើងធំក្តី សុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិត ឬប្រទេស/ក្រុមហ៊ុនផលិត បន្ថែមលើសនេះ សម្រាប់កម្ពុជា រាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពអង្គភាព CMAC ក្នុងការធ្វើការសិក្សាស្រាវជ្រាវព័ត៌មាន និងរៀបចំទិន្នន័យការ ទម្លាក់គ្រាប់បែក ក្នុងសម័យសង្គ្រាមអតីតកាល បានយ៉ាងច្បាស់លាស់ ដោយមានកំណត់ត្រាព័ត៌មាន ពាក់ព័ន្ធការទម្លាក់គ្រាប់បែក ពីយន្តហោះ ដូចជាកាលបរិច្ឆេទ ប្រភេទយន្តហោះ និងចំណុចទីតាំង នៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរ។
ប្រការដូចខាងលើនេះ ជាលក្ខណៈបច្ចេកទេស គ្មានការយល់ច្រឡំគ្នា រវាងគ្រាប់បែកទម្លាក់ពីយន្តហោះ ក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ!!៕