ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចូលរួមក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាវបរធិបតីនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
សូមរំលឹកថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រមួយដែលពុំធ្លាប់មាននៅកម្ពុជា ធ្វើឱ្យសាធារណមតិជាតិ អន្តរជាតិ និងអតីតយុទ្ធជនទូទាំងប្រទេសអបអរសាទរ។
ក្រោយមកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ បានប្រព្រឹត្តទៅនាថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ដើម្បីកែសម្រួលលក្ខន្តិកៈ និងរចនាសម្ព័ន្ធដឹកនាំឲ្យស្របទៅ នឹងសភាពការថ្មី។
អតីតយុទ្ធជន ជាវីរជនមានគុណបំណាច់ខ្ពស់ចំពោះជាតិ និងប្រជាជន តាមរយៈការរួមចំណែកក្នុងចលនាតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ក្លាហានប្រយុទ្ធតទល់នឹងខ្មាំងសត្រូវ និងបានចូលរួមស្វែងរកសន្តិភាព កសាងជាតិ និងការពារបូរណភាពទឹកដីប្រឆាំងអំពើឈ្លានពានពីបរទេស។
តាមរយៈគុណបំណាច់ដ៏ធំធេងនេះ រាជរដ្ឋាភិបាល និងសង្គមជាតិ បានយកចិត្តទុកដាក់ផ្តល់កិត្តិយស ផ្តល់របបគោលនយោបាយសមស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ ព្រមទាំងជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈ។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជាដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ៕