បណ្ឌិត សុខ ទូច ៖ ថៃ ជាសមាជិកអាស៊ាន ដែលបានដុតធម្មនុញ្ញអាស៊ាន, បើថៃ ពិតជាមិនបានប្រើច្បាប់ព្រៃទេ ត្រូវហ៊ានឡើងតុលាការយុត្តិធម៌អន្តរជាតិ ជាមួយកម្ពុជា

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសថៃ ជាសមាជិកមួយរបស់អាស៊ាន ហើយក៏ជាប្រទេសមួយដែលហ៊ានដុតកម្ទេចធម្មនុញ្ញរបស់អាស៊ាន ពីព្រោះថៃ បានឈ្លានពានទឹកដីកម្ពុជា ដោយខុសច្បាប់។ ដូច្នេះ ប្រសិនបើថៃ ពិតជាមិនបានប្រើច្បាប់ព្រៃឈ្លានពានកម្ពុជាទេ គឺត្រូវហ៊ានឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយកម្ពុជា។
ការលើកឡើងបែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសលោកបានអញ្ជើញថ្លែងសន្ទរកថា បើកកិច្ចប្រជុំស្ថាប័នបណ្ឌិត្យសភាលើកទី១២ រវាងរាជបណ្ឌិត្យសភាកម្ពុជា, បណ្ឌិត្យសភាឡាវ និងបណ្ឌិត្យសភាវៀតណាម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរយៈពេល២ថ្ងៃ។
លោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា «ថៃ ជាសមាជិកនៃអាស៊ាន ហើយថៃ ក៏ជាសមាជិកមួយដែលដុតធម្មនុញ្ញអាស៊ាន, ធម្មនុញ្ញអាស៊ាន បានបញ្ជាក់ថា អាស៊ាន ជោគវាសនាតែមួយ។ ថាតើជោគវាសនាតែមួយអី បើអ្នករំលោភបំពានមកលើទឹកដីកម្ពុជា […] បើសិនជាអ្នកឯងមិនប្រើច្បាប់ព្រៃទេ អ្នកឯងអាចដឹកដៃកម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបង្ហាញការពិត!»។
ជាមួយគ្នានេះដែរ លោកបណ្ឌិត សុខ ទូច ក៏បានលើកឡើងពីកត្តាមួយចំនួនដែលប្រទេសថៃ មិនអាចរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា បានពីព្រោះទីតាំងប្រាង្គប្រាសាទដែលថៃ កំពុងតែឈ្លានបានដើម្បីយកាន់កាប់ដោយខុសច្បាប់ គឺមានអាយុមុនប្រទេសថៃ បានកកើតជារដ្ឋទៅទៀត។ ដូច្នេះ គ្រាន់តែប្រាង្គប្រាសាទទាំង៣ ដែលកងទ័ពថៃ កំពុងប៉ុនប៉ង កាន់កាប់នេះ អាចសបញ្ជាក់ថា តើនរណាជាម្ចាស់ទឹកដីពិតប្រាកដទៅហើយ។
នៅចំពោះថ្នាក់ដឹកនាំស្ថាប័នបណ្ឌិត្យសភាឡាវ និងវៀតណាម ដែលជាសមាជិករបស់អាស៊ាន, ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា ប្រទេសថៃ មិនអាចបង្វែរ និងលុបប្រវត្តិសាស្ត្រពិតបាននោះទេ។
ការចេញមកបញ្ជាក់បែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងបន្ទាប់ពីប្រទេសថៃ បានប្រើប្រាស់កងទ័ព ព្រមទាំងយន្តហោះច្បាំងស៊េរីទំនើបៗ និងសព្វាវុធយោធាធុនធ្ងរ បើកការវាយប្រហារ ឈ្លានពានមកលើទឹកដីកម្ពុជា ទាំងកម្រោល រហូតធ្វើឱ្យជនស៉ីវិល និងកងទ័ពខ្មែរជាច្រើននាក់បានស្លាប់។ បន្ថែមពីនេះ កងទ័ពថៃ បានបើកការវាយប្រហារបំផ្លិចបំផ្លាញលើទីតាំងស៉ីវិល វត្តអារាម សាលារៀន មណ្ឌលសុខភាព លំឋានរបស់ប្រជាពលរដ្ឋខ្មែរ ដីស្រែ ចម្ការពលរដ្ឋស្លូតកម្ពុជា ជាច្រើនត្រូវបានរងគ្រោះដោយសារគ្រាប់ទម្លាក់ពីយន្តហោះច្បាំង F-16 និង Grapin ដែលបណ្តាឱ្យជនស៉ីវិលកម្ពុជា ជាង២២ម៉ឺននាក់ ភៀសសឹកចោលផ្ទះសម្បែងរស់នៅដោយភាពភ័យខ្លាច ដោយសារទម្ងន់គ្រាប់បែករបស់កងទ័ពថៃ។
បន្ថែមពីនេះ អ្វីដែលគួរឱ្យហួសចិត្ត និងមិនដែលនឹកស្មានដល់នោះបន្ទាប់ពីបទឈប់បាញ់រវាងកងទ័ពទាំងពីរបានចូលជាធរមាន កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពថៃ ប្រើប្រាស់ល្បិចដ៏ខ្មៅកង្វក់ ចាប់ខ្លួនកងទ័ពកម្ពុជា ២០រូបដោយខុសច្បាប់ ព្រមទាំងបានធ្វើសកម្មភាពបំពានទឈប់បាញ់ ដោយបានលួចមកដេញប្រជាពលរដ្ឋខ្មែរស្លូតត្រង់ចេញពីលំនៅឋានដោយខុសច្បាប់ និងបានព័ទ្ធបន្លាលួសយកទឹកដីកម្ពុជា ទាំងគឃ្លើន មិនទុកធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិក្នុងក្រសែភ្នែកជាដើម៕

You might also like