ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង និងខេត្តរតនគិរី

នៅថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ដែលបានជន់លិចផ្លូវ ដំណាំ សាលារៀន និងផ្ទះប្រជាពលរដ្ឋមួយចំនួន ស្ថិតក្នុងឃុំសាមឃួយ ឃុំកំភុន ឃុំភ្លុក នៃស្រុកសេសាន ខេត្តស្ទឹងត្រែង។
សូមជម្រាបថា តាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់ភូមិចំនួន១៧ នៃឃុំចំនួន៧ ក្នុងមូលដ្ឋានស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយប៉ះពាល់ផ្ទះចំនួន ៦៥១ខ្នង សាលារៀន៤ខ្នង វត្តមួយកន្លែង ផ្លូវជាតិ ៥០០ម៉ែត្រ ផ្លូវលំជនបទ ១៧៧៤០ម៉ែត្រ ព្រមទាំងដំណាំស្រូវ ១៤៤៦ហិកតា និងដំណាំរួមផ្សំ ១៩៤៩ហិកតា។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ត្រូវបន្តការយកចិត្តទុកដាក់ចុះអន្តរាគមន៍ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ហើយត្រូវបន្តកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក៍ដូចជាមន្ទីរពាក់ព័ន្ធផងដែរ។
ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេស្រែពក ដែលបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ៨៦៦ខ្នង ទំនប់អាងស្ដុកទឹកប្រវែង ៥ម៉ែត្រ ផ្លូវក្រាលក្រួសក្រហម ៦៥,៦គីឡូម៉ែត្រ សំណង់លូកាត់ផ្លូវចំនួន ៣១កន្លែង ព្រមទាំងផ្ទៃដីស្រែ ២០៩៤ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ២២៦៩ហិកតា។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចុះស្រង់ទិន្នន័យខូចខាតជាក់ស្តែងលើប្រព័ន្ធធារាសាស្រ្ត ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង សម្ភារៈប្រើប្រាស់ និងសត្វចិញ្ចឹម ដើម្បីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ៕

You might also like