ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានគ្រប់គ្រងធនធានខ្សាច់លើកទី៣

នាថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានគ្រប់គ្រងធនធានខ្សាច់ លើកទី៣ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក សមាជិកានៃលេខាធិការដ្ឋានជាច្រើនរូប។
សូមជម្រាបថា កិច្ចប្រជុំមានគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាព និងលទ្ធផលការងារដែលបានអនុវត្តក្នុងរយៈពេល៣ខែកន្លងមក និងបានសិក្សាស្វែងយល់បន្ថែមលើនីតិវិធីទាំង៣ ដែលទទួលបានការឯកភាពពីគណៈកម្មាធិការ ដោយនីតិវិធីទាំងនេះគឺសម្រាប់កិច្ចដំណើរការលេខាធិការដ្ឋានក្នុងដំណើរការរៀបចំកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានគ្រប់គ្រងធនធានខ្សាច់ ដំណើរការចុះត្រួតពិនិត្យ និងតាមដានការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹក និងបច្ចេកទេសបូមខ្សាច់ស្របតាមបទដ្ឋានបច្ចេកទេសជលវិទ្យា និងជលគតិ និងដំណើរការសម្រាប់ការសិក្សាជលវិទ្យា និងជលគតិ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាការងាររៀបចំផែនការសកម្មភាពសម្រាប់ការចុះត្រួតពិនិត្យតាមដានការធ្វើអាជីវកម្មខ្សាច់ ការសិក្សាជលវិទ្យា ការសិក្សាបាតទន្លេ ការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការលើកទី៣ និងការងារត្រូវអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០២៥។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើការចូលរួមអនុវត្តតួនាទីភារកិច្ចរបស់សមាជិក សមាជិកានៃលេខាធិការដ្ឋាន ដើម្បីធានាបាននូវដំណើរការក្នុងកិច្ចការងាររបស់លេខាធិការដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

You might also like