ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត!!
កំពត៖ថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។
កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទី៣និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លឹម អុីវ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ លោក សេង ឆូង ទីប្រឹក្សាក្រសួង និងប្រធានមន្ទីរ អនុប្រធានមន្ទីរ មន្រ្តីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ប្រមាណ៤១រូប។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យអាទិភាព ក្នុងគោលនយោបាយផែនការយុទ្ធសាស្រ្តជាតិ ដើម្បីអភិវឌ្ឍន៍នៅទីជនបទធ្វើយ៉ាងណា កាត់បន្ថយគម្លាតនៃការរស់នៅ រវាងប្រជាពលរដ្ឋនៅទីជនបទ និងនៅទីក្រុង បន្តការអភិវឌ្ឍន៍ជនបទលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ យកចិត្តទុកដាក់ធ្វើផ្លូវ និងពង្រឹងគុណភាពផ្លូវជនបទ ស្របតាមអនុប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានណែនាំអោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្កំពត បន្តយកចិត្តទុកដាក់សាងសង់បណ្តាញទឹកស្អាត និងបង្គន់អនាម័យជូនប្រជាពលរដ្ឋ ជាពិសេសគឺបន្តជម្រុញការអនុវត្តយុទ្ធសាស្រ្ត ពង្រីកវិសាលភាពផ្គត់ផ្គង់ សេវាទឹកស្អាត អនាម័យ ការអភិវឌ្ឍន៍តភ្ជាប់ហេដ្ឋារចនា និងគមនាគមន៍ និងជំរុញការធ្វើពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីឱ្យសហគមន៍ជនបទមានជីវភាពសមរម្យតាមរយៈការបង្កើត និងពង្រីកមុខរបរ បង្កើនប្រាក់ចំណូលបន្ថែម ឱ្យមានភាពរីកចំរើន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
បន្ថែមពេលនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងការកោតសរសើរ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានខិតខំប្រឹងប្រែង អនុវត្តការងារកន្លងមក ហើយកិច្ចប្រជុំនៅថ្ងៃនេះក្នុងគោលបំណងដើម្បីបង្ហាញអំពីវឌ្ឍនភាពការងារដែលបានធ្វើកន្លងមក និងរកឱ្យឃើញអំពីបញ្ហានិងការប្រឈមដែលកើតមានឡើងលើវិស័យអភិវឌ្ឍន៍ជនបទនិយាយដោយឡែកគឺខេត្តកំពតតែម្តង។