បញ្ជូនមេខ្លោង នៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានបញ្ជូនមេខ្លោង នៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានបង្ក្រាបកាលពីថ្ងៃទី២៩ ខែកញ្ញា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប ទីតាំងលួចលាក់ធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ ចំនួន៣ទីតាំង ដែលជាបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានអង្គការចាត់តាំង។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ២៤នាក់ (ស្រី០២នាក់) មាន០៣សញ្ជាតិ ព្រមទាំងដកហូតនូវ វត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន។
ករណីនេះ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតឈានទៅកំណត់បានមេខ្លោងឈ្មោះ WANG SHENG YU ភេទប្រុស ចិនតៃវ៉ាន់ ដែលជាក្បាលម៉ាស៊ីនដឹកនាំក្រុម ដោយលួចលាក់ប្រើទឹកដីកម្ពុជាធ្វើសកម្មភាព ឆបោកជនរងគ្រោះនៅសហរដ្ឋអាមេរិកតាមប្រព័ន្ធបច្ចេកវិទ្យា។
ផ្អែកតាមតាមការស៊ើបអង្កេតរបស់ជំនាញប្រឆាំងការសម្អាតប្រាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់បានជនសង្ស័យជាមេខ្លោងបានប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល (Crypto Currency) របស់ក្រុមហ៊ុន BITPIE (PRO) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី សម្រាប់បង្វែរផល នៃបទល្មើសឆបោក ដែលក្រុមជនល្មើសទទួលបានពីជនរងគ្រោះ ព្រមទាំងបានទប់ស្កាត់ និងគ្រប់គ្រងការផ្ទេរប្រាក់ចេញរបស់ជនសង្ស័យសរុបចំនួន ៥២,៣៦៣ USDT។
សមត្ថកិច្ចក៏បានរកឃើញ ជនសង្ស័យជាមេខ្លោង បានធ្វើសកម្មភាពបង្វិលរូបិយបណ្ណឌីជីថលដែលគ្មានប្រភពរបស់បក្ខពួកខ្លួននៅកោះតៃវ៉ាន់ ទៅតាមបណ្តាញ រូបិយបណ្ណឌីជីថលផ្សេងៗ ដែលមានមូលដ្ឋាននៅក្រៅប្រទេស សរុបប្រមាណជាង ១០លាន USTD។ ពាក់ព័ន្ធនឹងការសកម្មភាពលាងសម្អាតប្រាក់នេះ សមត្ថកិច្ចជំនាញនឹងធ្វើការចែករំលែកព័ត៌មានជាមួយ ប្រទេសជាដៃគូ កិច្ចសហប្រតិបត្តិការជាប់ពាក់ព័ន្ធ៕