រដ្ឋបាលលោក ត្រាំ បានអនុម័តថវិកាចំនួន ២៣០លានដុល្លារសម្រាប់កងកម្លាំងសន្តិសុខរបស់ប្រទេសលីបង់

បេរូត៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ ២០២៥ រដ្ឋបាលលោក ត្រាំ បានអនុម័តថវិកាចំនួន ២៣០លានដុល្លារសម្រាប់កងកម្លាំងសន្តិសុខរបស់ប្រទេសលីបង់ ក្នុងសប្តាហ៍នេះ ខណៈដែលពួកគេកំពុង ជំរុញក្រុមហេសបូឡា រំសាយអាវុធ។
ប្រភពមួយពីលីបង់ បានឱ្យដឹងថា ថវិកានេះគឺរួមទាំង ១៩០លានដុល្លារសម្រាប់កងកម្លាំងប្រដាប់អាវុធ និង ៤០លានដុល្លារសម្រាប់កងកម្លាំងសន្តិសុខផ្ទៃក្នុង។
អ្នកនាំពាក្យមួយរូបនៃក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ជំនួយរបស់សហរដ្ឋអាមេរិកនឹងជួយដល់កងកម្លាំងលីបង់ ខណៈពួកគេកំពុងធ្វើការដើម្បីពង្រឹងអធិបតេយ្យនៅទូទាំងប្រទេស និងអនុវត្តយ៉ាងពេញលេញនូវដំណោះស្រាយលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាក្របខ័ណ្ឌសម្រេចបានតែមួយគត់ សម្រាប់ការរៀបចំសន្តិសុខយូរអង្វែងរវាងលីបង់ និងអ៉ីស្រាអែល។
គួរបញ្ជាក់ថា ជម្លោះ អ៉ីស្រាអែល- លីបង់ ដែលចាប់ផ្តើមកាល ពី ឆ្នាំ មុន បានធ្វើឱ្យ ក្រុមហេសបូឡាចុះខ្សោយ។ ក្រោយបញ្ឈប់ការប្រយុទ្ធគ្នាជាមួយអ៉ីស្រាអែល ហេសបូឡាបដិសេធរំសាយអាវុធ ប៉ុន្តែឥឡូវនេះ កំពុង ស្ថិត ក្រោម សម្ពាធ ពីរដ្ឋាភិបាលលីបង់ និង ពីទីក្រុង វ៉ាស៉ីនតោន៕

You might also like