ខេត្តកំពង់ចាម ទទួលបានគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀត គឺកំពង់ផែទេសចរណ៍ក្រុងកំពង់ចាម
អ្នកនាំពាក្យក្រសួងសាធារណការ បានឱ្យដឹងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះថា ខេត្តកំពង់ចាមមានភ័ព្វវាសនាក្រៃលែង ដែលទទួលបានគម្រោងថ្មីមួយបន្ថែមទៀត របស់រាជរដ្ឋាភិបាល អនុវត្តការសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន គឺកំពង់ផែទេសចរណ៍កំពង់ចាម។ កំពង់ផែនេះ ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលមានវានាដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ ពីប្រទសវៀតណាម ចូលចតទៅតាមកាលវិភាគដែលបានគ្រោងទុក។
បើតាម ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ផ្អែកតាមផែនការ នៃការអនុវត្តគម្រោងការសាងសង់សំណង់ កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក សម្រាប់ដំណាក់កាលទី១ នេះ នឹងប្រើប្រាស់រយៈពេល ២៤ ខែ។ ជាមួយគ្នានេះផងដែរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួមមាន អគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦។
ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា នឹងខិតខំបញ្ចប់ការសាសង់គម្រោងដ៏សំខាន់នេះឱ្យរួចរាល់តាមការគ្រោងទុក។ ខណៈនៅពេលសាងសង់ចប់រួចរាល់ កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាម នឹងត្រូវប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម ជាអ្នកគ្រប់គ្រង និងប្រតិបត្តិការ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន វាយតម្លៃថា ការដាក់ដំណើរប្រតិបត្តិការកំពង់ផែនេះ នៅពេលអនាគតពិតជាផ្តល់ឱកាសដ៏វិសេស ដើម្បីអភិវឌ្ឍតំបន់ក្រុងកំពង់ចាម ឱ្យមានការរីកចម្រើនបានយ៉ាងឆាប់រហ័ស។ ម្យ៉ាងវិញទៀត ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រជាប់នឹងគម្រោងពង្រីកផ្លូវនាវាចរណ៍ពីភ្នំពេញ មកកំពង់ចាម និងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ កំពង់ផែទេសចរណ៍នេះ នឹងបន្តទទួលភ្ញៀវទេសចរកាន់តែច្រើនថែមទៀតនៅពេលអនាគត៕