ឯកឧត្តម នាក់ ដាង អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការធ្វើអាជីវកម្មខ្សាច់នៅទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិសាស្រ្តស្រុកពាមជរ ខេត្តព្រៃវែង

នាថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាក់ ដាង អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមាន តំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការធ្វើអាជីកម្មខ្សាច់នៅតាមដងទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិសាស្រ្តឃុំកោះចេក ឃុំព្រែកសំបួរ ឃុំកោះរកា និងឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។
សូមជម្រាបថា ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនៅតាមទីតាំងដោយផ្ទាល់នាពេលនេះ ក្រុមការងារបានជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរស្រុក ឃុំ ប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការចុះពិនិត្យការងារគឺដើម្បីប្រមូលនូវធាតុចូល រួមទាំងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដើម្បីពិនិត្យនិងមានវិធានការ៕

You might also like