ឯកឧត្តម សំហេង បូរ៉ា ដឹកនាំគណៈប្រតិភូសម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់

(ខឹឡូញ, អាល្លឺម៉ង់) នាថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ នៅសាលពិព័រណ៍ទី៤.១ – ផ្នែកម្ហូបអាហារល្អឯក (Fine Food Section) នៃមជ្ឈមណ្ឌលពិព័រណ៍ Koelnmesse ទីក្រុងខឹឡូញ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុង ពិធីសម្ពោធពន្លាជាតិកម្ពុជា (Cambodian National Pavilion) ជាផ្លូវការលើកដំបូង ក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025។

ពិធីសម្ពោធនេះគឺជាកម្មវិធីដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាបានរៀបចំជាពន្លាជាតិជាលើកដំបូងដែលមានដាក់តាំងបង្ហាញផលិតផលសក្ដានុពលកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរវត្តមានផលិតផលរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ និងសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយផលិតផលកែច្នៃកសិកម្មដែលមានគុណភាពខ្ពស់ក្រោមមូលបទ “CAMBODIA: Basket of Wonders”។

គណៈប្រតិភូកម្ពុជាដែលបានចូលរួមក្នុងពិធីនេះរួមមានឯកឧត្តម ណាំ លីណាល់ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម។ ក្រៅពីនេះ ក៏មានវត្តមានចូលរួមពីតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា សហព័ន្ធស្វាយចន្ទីកម្ពុជា មន្ត្រីបច្ចេកទសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍នានារួមមាន GIZ , sequa, និង Import Promotion Desk (IPD) និងតំណាងក្រុមហ៊ុនជាច្រើនផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានថ្លែងសុន្ទរកថាបើកសម្ពោធ ដោយគូសបញ្ជាក់អំពីសារៈសំខាន់នៃពន្លាជាតិកម្ពុជាលើកដំបូងនៅពិព័រណ៍ ANUGA ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរកសមាហរណកម្មពាណិជ្ជកម្មសកល។

ឯកឧត្តមបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងនៃការនាំចេញ ការគាំទ្រដល់អ្នកផលិត និងការធានានូវកំណើនពាណិជ្ជកម្មប្រកបដោយនិរន្តរភាព។ ក្នុងឆ្នាំនេះ ពន្លាជាតិកម្ពុជានៅពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 បាននាំយក ក្រុមហ៊ុនដែលមានសម្ថតភាពនាំចេញ (Export Readiness) ផលិតផលសក្ដានុពលឈានមុខរបស់កម្ពុជាចំនួន០៨ រូមមាន៖ Sela Pepper Co., Ltd EU Land and Pepper Investment Co., Ltd Handcrafted Cashew Nuts Stung Treng Grove Fruit Growers Co., Ltd HESED Agriculture Trading Co., Ltd AMPLE AGRO PRODUCT CO., LTD MISOTA FOOD និង Khmer Organic Cooperative Co., Ltd ដែលចូលរួមដាក់តាំងបង្ហាញពីផលិតផលល្អឯករបស់កម្ពុជាដូចជា ម្រេចកំពត ស្វាយចន្ទី ស្ករត្នោត និងផ្លែឈើសម្ងួត ជាដើម។

ពិធីសម្ពោធបានបិទបញ្ចប់ជាមួយនឹងការអញ្ជើញភ្ញៀវទេសចរឱ្យចូលទស្សនាពន្លាជាតិកម្ពុជា ជួបជាមួយអ្នកតាំងពិព័រណ៍ និងបង្កើតភាពជាដៃគូពាណិជ្ជកម្ម។

កម្មវិធីនេះតំណាងឱ្យកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ ក៏ដូចជាកិច្ចចាប់ផ្តើមដ៏សំខាន់ថ្មីមួយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈការចូលរួមក្នុងពិព័រណ៍កម្រិតអន្តរជាតិ និងបេសកកម្មពាណិជ្ជកម្មក្រៅប្រទេស ដើម្បីពង្រឹង និងពង្រីកកិត្តិនាមផលិតផលកម្ពុជា និងជំរុញបន្ថែមតួនាទីរបស់កម្ពុជាក្នុងនាមជាអ្នកផ្គត់ផ្គង់ដែលគួរឱ្យទុកចិត្តនៅក្នុងទីផ្សារអាហារសកល៕

You might also like