ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារថែទាំប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្ដ្រខេត្តប៉ៃលិន

នៅថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំ នាយកដ្ឋានជំនាញ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
សូមជម្រាបថា ក្នុងដំណើរចុះបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកតាមប្រព័ន្ធធារាសាស្រ្ត និងទីតាំងមួយចំនួន រួមមាន ទី១)ស្ថានភាពទឹកតាមដងស្ទឹងប៉ៃលិន និងស្ទឹងកុយ ទី២)ប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទី៣)ប្រព័ន្ធធារាសាស្ត្រអូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទី៤)ប្រព័ន្ធធារាសាស្ត្រស្រែអន្ទាក់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ និងទី៥)ទីតាំងគម្រោងស្នើសុំសាងសង់សំណង់ស្ទាក់ទឹកមួយចំនួនតាមដងស្ទឹងប៉ៃលិន ដែលជាផ្នែកខាងលើរបស់ស្ទឹងមង្គលបូរី។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវលើការងារគ្រប់គ្រងទឹក និងការងារថែទាំប្រព័ន្ធធារាសាស្រ្ត។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បញ្ជាក់ឱ្យដឹងថា ស្ថានភាពទឹកនៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិនស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន និងណែនាំដល់មន្ទីរ ឱ្យបន្តការយកចិត្តទុកដាក់លើការងារគ្រប់គ្រងទឹក ព្រមទាំងតាមដានជាប្រចាំនូវស្ថានភាពធាតុអាកាស និងអាកាសធាតុ និងកម្ពស់ទឹកនៅតាមស្ទឹងសំខាន់ៗ ដេីម្បីជៀសវាងនូវហានិភ័យកើតឡើងដោយសារទឹក។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំឱ្យមន្ទីរធ្វេីការស្តុកទឹកទុក និងប្រេីប្រាស់ទឹកដោយសន្សំសំចៃ ដេីម្បីធានាទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលដល់ចុងរដូវវស្សា៕

You might also like