ទឹកជំនន់វាយប្រហារខេត្តចំនួន ១៦ ឆក់យកជីវិតមនុស្ស ១២ នាក់ និងប៉ះពាល់ដល់មនុស្សរាប់ម៉ឺនគ្រួសារក្នុងប្រទេសថៃ
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃចន្ទ ៦ តុលា បានបញ្ជាឱ្យមានកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជាបន្ទាន់ បន្ទាប់ពីទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ និងព្យុះបានវាយប្រហារខេត្តចំនួន ១៦ ក្នុងសប្តាហ៍កន្លងទៅ ដោយបានសម្លាប់មនុស្ស ១២ នាក់ និងប៉ះពាល់ដល់មនុស្សជាង១០០.០០០គ្រួសារ ។
ក្រសួងមហាផ្ទៃបាននិយាយថា ទឹកជំនន់បានជន់លិចផ្នែកខ្លះនៃភាគខាងជើង កណ្តាល និងភាគឦសានប្រទេសថៃ ដោយខេត្ត ឧត្តរឌីត(Uttaradit) នៅតំបន់ភាគខាងជើង មានមនុស្សចំនួន៥នាក់បានស្លាប់ ក្នុងចំណោមជនរងគ្រោះពីគ្រោះមហន្តរាយដ៏អាក្រក់បំផុតនេះស។
អ្នកស្រុកម្នាក់បានប្រាប់ទូរទស្សន៍រដ្ឋ ThaiPBS ថា ទឹកបានហក់ឡើងយ៉ាងលឿន ហើយពួកគេបានឡើងទៅលើដំបូលផ្ទះ ប៉ុន្តែផ្ទះនោះបានដួលរលំ ។
លោក Anutin បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមការងារពិសេសថា ប្រទេសថៃកំពុងប្រឈមនឹងទឹកជំនន់ ព្យុះ និងបំណាក់ដីនៅទូទាំងខេត្តជាច្រើន ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងការបាត់បង់អាយុជីវិត ។
គួររម្លឹកថា កាលពីឆ្នាំមុន មនុស្ស ២២ នាក់បានស្លាប់ដោយសារទឹកជំនន់ដ៏គំហុក និងបំណាក់ដីដែលបណ្តាលមកពីភ្លៀងមូសុងនៅទូទាំងប្រទេសថៃ៕