លោក Trump ចង់ដឹងពីផែនការរបស់អ៊ុយក្រែន មុនពេលសម្រេចចិត្តឱ្យមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (៦ តុលា) ថា លោកចង់ដឹងថា តើអ៊ុយក្រែន គ្រោងនឹងធ្វើបែបណាជាមួយមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ផលិតដោយសហរដ្ឋអាមេរិក មុនពេលយល់ព្រមផ្គត់ផ្គង់សព្វាវុធទាំងនេះទៅឱ្យទីក្រុងគីវ ដោយសារតែលោកមិនចង់ធ្វើឱ្យសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន កាន់តែកើនឡើងនោះទេ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើឱ្យសហរដ្ឋអាមេរិក លក់មីស៊ីលតម្រង់គោលដៅ Tomahawk នេះទៅឱ្យប្រទេសអឺរ៉ុប ដែលបន្ទាប់មកនឹងបញ្ជូនបន្តទៅឱ្យអ៊ុយក្រែន។ គួរឱ្យដឹងថា មីស៊ីល Tomahawk មានរយៈចម្ងាយ ២.៥០០គីឡូម៉ែត្រ ដែលអាចវាយប្រហារដល់ទីក្រុងមូស្គូ ប្រសិនបើបាញ់ចេញពីអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានក្នុងឃ្លីបវីដេអូមួយ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ផ្គត់ផ្គង់មីស៊ីល Tomahawk ឱ្យដល់អ៊ុយក្រែនសម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយ ចូលជ្រៅក្នុងទឹកដីរុស្ស៊ីមែន នោះនឹងនាំទៅដល់ការបំផ្លាញទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយទីក្រុងវ៉ាស៊ីនតោន។
នៅពេលត្រូវសាកសួរនៅសេតវិមានថាតើលោកបានសម្រេចចិត្តក្នុងការផ្គត់ផ្គង់ Tomahawk ឱ្យអ៊ុយក្រែនដែរឬទេ លោក Trump មិនបានច្រានចោលរឿងនេះទាំងស្រុងទេ ដោយគ្រាន់តែនិយាយថា លោកកំពុង “ធ្វើការសម្រេចចិត្ត” លើបញ្ហានេះ។ លោកបានលើកជាសំណួរថា តើអ៊ុយក្រែនចង់ធ្វើអ្វីជាមួយមីស៊ីលទាំងនេះ ហើយបញ្ជូនសព្វាវុធទាំងនោះទៅទីណា។ ទាក់ទងនឹងការលើកឡើងរបស់លោក Trump នេះ ពុំទាន់មានការឆ្លើយតបភ្លាមៗពីវិមានក្រឹមឡាំង និងអ៊ុយក្រែនឡើយ៕

You might also like