ឯកឧត្តម ស្លេះ អាល់ហ្វីន៖ ព័ត៌មានពិតត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងលឿនរហ័ស ពិតជាមានសារៈសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសសម្រាប់ជនមានពិការភាពដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ

( ភ្នំពេញ) “ព័ត៌មានពិតត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងលឿនរហ័ស ពិតជាមានសារៈសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃពិសេសសម្រាប់ជនមានពិការភាពដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ”។ នេះជាការថ្លែងរបស់ ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីអធិបតីពិធីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ» ដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងអង្គការជនពិការកម្ពុជា។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា ខណៈ បច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យានៃប្រព័ន្ធផ្សព្វផ្សាយកាន់តែរីកចម្រើនដែលមួយផ្នែកបានជួយលើការងារផលិតកម្ម ការច្នៃប្រឌិត និងនវានុវត្តន៍ មួយផ្នែកទៀតបានបង្កជាបញ្ហាប្រឈមដូចជាការកើនឡើងនៃព័ត៌មានក្លែងក្លាយគ្រប់ប្រភេទ ពាក្យសម្អប់ ការបន្តុះបង្អាប់អនឡាញ និងការរើសអើង ដែលផ្តល់ផលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដូចជា Deepfake ដែលជាបច្ចេកវិទ្យាធ្វើការបន្លំ និងត្រាប់តាមរូបភាព វីដេអូ និងសំឡេងរបស់បុគ្គលណាម្នាក់ ដែលជាក់ស្តែងបុគ្គលនោះមិនបាននិយាយ ឫធ្វើសកម្មនោះ ក្នុងគោលបំណទុច្ចរិតបង្ករផលប៉ះពាល់ណាមួយបានក្លាយជាបញ្ហាកាន់តែស្មុគស្មាញក្នុងការទទួលបានព័ត៌មានពិតត្រឹមត្រូវ។ ហើយជនមានពិការភាពកំពុងស្ថិតក្នុងក្រុមងាយរងគ្រោះពីបញ្ហាទាំងនេះ ដែលទាមទារកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីដោះស្រាយ។

ឯកឧត្តម ស្លេះ អាល់ហ្វីន បានគូសបញ្ជាក់ថា៖ “ក្រសួងព័ត៌មានបានខិតខំធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ស្របតាមបរិវត្តកម្មឌីជីថល និងស្របពេលគ្នានេះខិតខំអភិរក្ស និងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីដើម្បីធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល និងជនមានពិការភាពដែលមិនអាចភ្ជាប់សេវាអ៊ិនធើណេត និងមិនបានប្រើប្រាស់បណ្តាញសង្គម។

ក្រសួងព័ត៌មានក៏បានខិតខំពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្សាយ ពង្រឹងគុណភាពនៃមាតិកា និងជំរុញនវានុវត្តស្របតាមតម្រូវការសង្គម។ រីឯក្នុងកម្រិតតំបន់វិញ ក្រសួងព័ត៌មានរួមជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀតកំពុងរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាពនិងទំនួលខុសត្រូវ ដែលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះតម្រូវការជនមានពិការភាព ដូចជាតម្លាភាពនៃការរាយការណ៍តាមរយៈការប្រើប្រាស់ Speech to Text ជាដើម។

ដើម្បីលើកកម្ពស់សិទ្ធិនិងសេចក្តីថ្លៃថ្នូរបស់ជនមានពិការភាព ឯកឧត្តមអនុរដ្ឋលេខាធិការថ្លែងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ និងជានិយាមអប្បបរិមាសម្រាប់សកម្មភាពផ្សព្វផ្សាយក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ផ្នែកទី៤ ស្តីពីគណនេយ្យភាពសង្គម ចំណុចទី១៣ បានចែងថា «អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ មិនត្រូវឆ្លៀតឱកាសកេងចំណេញលើភាពទន់ខ្សោយ ភាពងាយរងគ្រោះ អសមត្ថភាពផ្លូវចិត្ត ឫរាងកាយរបស់បុគ្គលណាម្នាក់ឫក្រុមណាមួយដើម្បីផ្សព្វផ្សាយ មិនត្រូវប្រើពាក្យរិះគន់ ឫបន្តុះបង្អាប់ប៉ះពាល់ដល់ជនមានពិការភាព តម្លៃស្ត្រីនិងកុមារ អ្នកជំងឺផ្លូវកាយនិងផ្លូវចិត្តជាដើម»។

សិក្ខាសាលាស្តីពី«ការលើកកម្ពស់សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ» ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយអំពីសិទ្ធិរបស់ជនមានពិការភាព និងលើកកម្ពស់សិទ្ធិទទួលព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ជនមានពិការភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយ៕

You might also like