កំណាត់ផ្លូវជាតិលេខ៥០C នៅចំណុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារទឹកទន្លេឡើងជន់លិច

(ភ្នំពេញ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C ចាប់ពី គ.ម ០០+០០០ ដល់ គ.ម ១៤-២០០ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
នៅក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ដូចនេះថា កំណាត់ផ្លូវជាតិលេខ៥០C ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ ចាប់ពីគ.ម០០+០០០ ដល់គ.ម ១៤+២០០ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានជន់លិចដោយទឹកទន្លេ។
ដើម្បីថែរក្សាកំណាត់ផ្លូវជាតិលេខ៥០C ឱ្យមានស្ថានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់បន្ទាប់ពីទឹកទន្លេស្រកចុះ និងបង្ការកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង សូមធ្វើការផ្អាក ចរាចរណ៍ជាបណ្ដោះអាសន្នសម្រាប់យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C ចាប់ពីគ.ម០០+០០០ ដល់គ.ម១៤+២០០ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី៕

You might also like